(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov បាននិយាយថា រុស្ស៉ីកំពុងពិចារណា​កាត់បន្ថយកម្រិតទំនាក់ទំនងការទូត ជាមួយសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច ពិតជាសម្រេចចិត្តរឹបអូស​ទ្រព្យសម្បត្តិរបស់ខ្លួន ដែលត្រូវបានបង្កក មែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤។

ក្រុមប្រទេស G7 បច្ចុប្បន្ន កំពុងមានចេតនាចង់ប្រើប្រាស់ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រុស្ស៉ី មានតម្លៃសរុបប្រមាណជិត៣០០ពាន់លានដុល្លារ ដែលត្រូវបានបង្កកទុក ដោយការដាក់ទណ្ឌកម្ម ចាប់តាំងតែពីឆ្នាំ២០២២មកនោះ ទៅជួយគាំទ្រប្រទេសអ៊ុយក្រែន ដែលនាពេលនេះស្ថិតក្នុង​ឆ្នាំទី៣ហើយ នៃសង្រ្គាមតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ យ៉ាងណាមិញ ថាតើវានឹងត្រូវសម្រេចទៅបានបែបណានោះ គឺនៅបន្តមានភាព​ស្មុគស្មាញជាខ្លាំង ដ្បិតប្រការនេះនឹងបង្កើតគំរូដ៏ចម្រូងចម្រាសមួយ។

ឆ្លើយតបពាក់ព័ន្ធរឿងនេះ លោក Ryabkov បានលើកឡើងថា ទីក្រុងមូស្គូមុខជានឹងសងសឹកទៅវិញមិនខាន តាមមធ្យោបាយសេដ្ឋកិច្ចព្រមទាំង​នយោបាយ ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួនទាំងនោះ ពិតជាត្រូវបានរឹបអូសដោយក្រុមលោកខាងលិច។ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយថា ការកាត់បន្ថយកម្រិត នៃទំនាក់ទំនងការទូត នឹងស្ថិតក្នុងចំណោមនៃជម្រើសវិធានការសងសឹក។

គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានចាត់ទុក ស្ថានភាពសព្វថ្ងៃនៃចំណងទាក់ទងជាមួយសហរដ្ឋអាមេរិក កំពុងស្ថិតនៅ «កម្រិតក្រោមសូន្យ» ក៏ប៉ុន្តែពុំមានការបន្ថយជាផ្លូវការ ណាមួយឡើយ នៃកម្រិតទំនាក់ទំនងរវាងប្រទេសពីរ គិតតាំងតែពី​សង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕