(ប៉េកាំង)៖ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃសុក្រនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលភាគីទាំងពីរ បានឈានដល់ការឯកភាពគ្នាលើ ៥ចំណុច។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ចំណុចទាំង៥ ដែលភាគីទាំងពីរបានឯកភាពគ្នានោះរួមមានដូចខាងក្រោម៖
ទី១. ប្តេជ្ញារក្សាស្ថិរភាព និងអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាមេរិក ដោយអនុវត្តតាមការណែនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរ។
ទី២. រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ក្នុងវិស័យផ្សេងៗដូចជាការទូត សេដ្ឋកិច្ច និងកិច្ចការយោធា។
ទី៣. រៀបចំការសន្ទនាស្តីពីបញ្ញាសិប្បនិមិត្ត (AI) អាស៊ីប៉ាស៊ីហ្វិក និងកិច្ចការកុងស៊ុល។
ទី៤. ពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន រួមទាំងគម្រោងនិស្សិត និងកិច្ចប្រជុំកំពូលទេសចរណ៍។
ទី៥. រក្សាការពិគ្រោះយោបល់លើបញ្ហាសកល និងពង្រឹងទំនាក់ទំនងរវាងបេសកជនពិសេស។

គួរជម្រាបថា ក្រោយជួប លោក Wang Yi នាថ្ងៃសុក្រដដែលនេះ លោក Blinken ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ។ នេះគឺជាទស្សនកិច្ចលើកទី២ហើយ របស់លោក Blinken មកកាន់ប្រទេសចិន ក្នុងរយៈពេលជិតមួយឆ្នាំ៕