(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian និយាយថា ក្រុមនាវិកបើកកប៉ាល់ដោតទង់ជាតិព័រទុយហ្គាល់ ដែលត្រូវចាប់ឃាត់ទុក ពាក់ព័ន្ធនឹងបញ្ហាមានទំនាក់ទំនងជាមួយអ៉ីស្រាអែល ត្រូវបានផ្តល់សិទ្ធិឱ្យដោះស្រាយតាមរយៈកុងស៊ុល ហើយអាចនឹងដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី១៣ ខែមេសា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានចាប់ឃាត់កប៉ាល់ដឹកកុងតឺន័រ MSC Aries ជាមួយនឹងនាវិកមួយក្រុមមាន ២៥នាក់នៅឯច្រកសមុទ្រ Hormuz ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេហេរ៉ង់ ប្តេជ្ញាសងសឹកចំពោះអ៉ីស្រាអែលដែលសង្ស័យថាបានវាយប្រហារលើអគារកុងស៊ុល នៃស្ថានទូតរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៉ីរី។

ក្នុងជំនួបតាមទូរស័ព្ទ លោក Amirabdollahian បានប្រាប់សមភាគីព័រទុយហ្គាល់ លោក Paulo Rangel «បញ្ហាមនុស្សធម៌នៃការដោះលែងនាវិករបស់កប៉ាល់នោះ គឺជាក្តីកង្វល់យ៉ាងខ្លាំងចំពោះយើង»។ ដោយគ្រាន់តែថានឹងប្រគល់ការងារនេះទៅឱ្យឯកអគ្គរដ្ឋទូតរបស់ពួកគេនៅទីក្រុងតេហេរ៉ង់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ មិនបាន​បញ្ជាក់​ទេថា​នឹងធ្វើឡើងនៅពេលណា។

គួរបញ្ជាក់ថា កប៉ាល់ MSC Aries ត្រូវបានជួលពី Gortal Shipping ដែលជាសាខារបស់ក្រុមហ៊ុន Zodiac Maritime មានកម្មសិទ្ធិមួយផ្នែករបស់ពាណិជ្ជករជនជាតិអ៉ីស្រាអែល៕