(កៀវ)៖ មីស៉ីលរបស់រុស្ស៉ី បានវាយលុកលើទីតាំងថាមពលនៅភាគកណ្តាល និងភាគខាងលិចអ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ធ្វើឱ្យប៉ះពាល់ថែមទៀតដល់ប្រព័ន្ធថាមពលដែលរងគ្រោះស្រាប់ ខណៈកំពុងប្រឈមមុខនឹងការខ្វះខាតប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤។

បើតាម DTEK ដែលជាក្រុមហ៊ុនអគ្គិសនីឯកជនធំបំផុតរបស់អ៊ុយក្រែន រុស្ស៉ីបានបាញ់ផ្លោងម្តងហើយម្តងទៀតមកលើទីតាំងថាមពល ដោយក្នុងនោះរោងចក្រថាមពលកំដៅចំនួន ៤ក្នុងចំណោមរោងចក្រថាមពលកំដៅចំនួន ៦ត្រូវរងការខូចខាតក្នុងពេលត្រឹមតែមួយយប់។ ក្រុមមន្រ្តីនិយាយថា ក្រុមសង្គ្រោះបានប្រយុទ្ធទប់ទល់នឹងភ្លើងឆេះខ្លាំង នៅទីតាំងថាមពលជាច្រើននៃភាគខាងលិចតំបន់ Lviv និង Ivano-Frankivsk ជាប់ព្រំដែនជាមួយប្រទេសប៉ូឡូញ និងរូម៉ានី។ ការផ្គត់ផ្គង់ទឹកនៅទឹកដីកំណើតរបស់ លោកប្រធានាធិបតីហ្សេលេនស្គី គឺទីក្រុង Kryvyi Rih ត្រូវបានរំខាន បន្ទាប់ពីការវាយប្រហារលើរោងចក្រថាមពលតំបន់ Dnipropetrovsk ភាគកណ្តាល។ មេបញ្ជាការទ័ពអាកាសអ៊ុយក្រែនថា កងកម្លាំងបានបាញ់ទម្លាក់មីស៉ីល ២១គ្រឿងក្នុងចំណោម ៣៤គ្រឿង។

គួរបញ្ជាក់ថា គ្មានការបញ្ជាក់ឈ្មោះទីតាំងណាមួយដែលរងការវាយប្រហារនោះទេ ដោយអាជ្ញាធរនិយាយថាវាជាវិធានការសន្តិសុខដ៏សំខាន់មួយ ដើម្បីទប់ស្កាត់រុស្ស៉ីពីការវាយតម្លៃយ៉ាងឆាប់រហ័សលើផលប៉ះពាល់នៃការវាយប្រហាររបស់ខ្លួន។ ជារឿយៗ រុស្ស៉ីតែងតែច្រានចោលនូវការចោទប្រកាន់ថាកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ឬជនស៉ីវិល៕