(ឌូបៃ)៖ ក្រុមហ៊ូទី នៅយេម៉ែន បានអះអាងថា ពួកគេបានកំណត់គោលដៅលើកប៉ាល់ដឹកកុងតឺន័រ MSC Orion ក្នុងការវាយប្រហារដោយយន្តហោះដ្រូន នៅមហាសមុទ្រឥណ្ឌា និងនាវា ៣គ្រឿងទៀតនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនលើប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសកម្មភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។

កប៉ាល់ដឹកកុងតឺន័រ MSC Orion ដោតទង់ជាតិព័រទុយហ្កាល់ បានចាកចេញពីទីតាំងចន្លោះកំពង់ផែ Sines ប្រទេសព័រទុយហ្គាល់ និងកំពង់ Salalah ប្រទេសអូម៉ង់ ហើយជារបស់ក្រុមហ៊ុនដឹកជញ្ជូន Zodiac។ Zodiac ត្រូវគេស្គាល់ថាគ្រប់គ្រងដោយអ្នកជំនួញជនជាតិអ៉ីស្រាអែល។ អ្នកនាំពាក្យរបស់ហ៊ូទី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមរបស់ខ្លួនក៏បានកំណត់គោលដៅលើនាវាពាណិជ្ជកម្ម Cyclades និងនាវាចម្បាំងអាមេរិក ២គ្រឿងទៀត នៅឯសមុទ្រក្រហមផងដែរ។ បើតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey កប៉ាល់ដឹកកុងតឺន័រនោះដោតទង់ជាតិម៉ាល់តា ហើយត្រូវបានកំណត់គោលដៅដោយមីស៉ីល ៣គ្រាប់កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខណៈកំពុងធ្វើដំណើរពីប្រទេសជីប៊ូទី ទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលម្តងហើយម្តងទៀត នៅតំបន់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកាមកម្ល៉េះ បង្ខំក្រុមហ៊ុនដឹកជញ្ជូនទំនិញ ត្រូវធ្វើដំណើរតាមផ្លូវវាងដែលមានចម្ងាយឆ្ងាយ និងតម្លៃថ្លៃនៅជុំវិញអាហ្វ្រិកខាងត្បូង។ កាលពីខែមីនា មេដឹកនាំរបស់ហ៊ូទីថា ក្រុមខ្លួនកំពុងពង្រីកតំបន់វាយប្រហាររបស់ខ្លួន ដើម្បីទប់ស្កាត់នាវាដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែល មិនឱ្យឆ្លងកាត់មហាសមុទ្រឥណ្ឌា ឆ្ពោះទៅកាន់ច្រក Cape of Good Hope៕