(គៀវ)៖ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារស្ថាប័នអប់រំមួយ នៅក្នុងឧទ្យានមាត់សមុទ្រដ៏ពេញនិយម នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odessa របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និង៣២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៤។

បន្ថែមពីលើអ្នកដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បុរសម្នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលជាលទ្ធផលនៃការវាយប្រហារនេះផងដែរ នេះបើតាមអភិបាលតំបន់ លោក Oleh Kiper បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ។

លោក Kiper បានគូសបញ្ជាក់ថា អ្នករបួស៨នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុង​ចំណោម​អ្នក​រង​របួសស្រាល​មាន​ក្មេង​ម្នាក់​ទៀត និង​ស្ត្រី​មាន​ផ្ទៃ​ពោះផងដែរ។

ខ្សែ​វីដេអូ​របស់​ Reuters បាន​បង្ហាញ​ពី​ដំបូល​អគារ​ដ៏​ប្រណិតមួយ ដែល​ជា​សាលា​ច្បាប់​ឯកជន​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​បន្ទាប់​ពី​មាន​ការវាយប្រហារ។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រើ​ទឹក​ពន្លត់​ភ្លើង​តូចៗ​ដែល​នៅ​បន្តឆាបឆេះ។

អភិបាលក្រុង Odessa លោក Hennadiy Trukhanov បានបរិហារការវាយប្រហារនេះ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Telegram ថា «នេះជាសត្វចម្លែក សត្វព្រៃ សត្វតិរច្ឆាន។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេ...មនុស្ស​ទៅ​ដើរ​លេង​នៅ​ឆ្នេរ​សមុទ្រ ហើយត្រូវ​គេ​បាញ់​សម្លាប់​»