(វ៉ាស៊ីនតោន)៖ ចាប់តាំងពីអាណត្តិនៃរដ្ឋបាលរបស់លោកចាប់ផ្ដើមមក លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុវត្តយុទ្ធសាស្ត្រមួយដើម្បីពង្រីងសិទ្ធិរបស់ យោធាអាមេរិក ក្នុងការចូលប្រើប្រាស់មូលដ្ឋានទ័ពនៃបណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានដាក់ពង្រាយប្រព័ន្ធអាវុធថ្មីៗនៅទីនោះ។ លោក បៃដិន ថែមទាំងបានបញ្ជាក់ច្បាស់ៗទៀតផងថាសហរដ្ឋអាមេរិក នឹងធ្វើអន្តរាគមន៍យោធាដើម្បីការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។

កាលពីថ្ងៃពុធ ទី២៤ ខែមេសា លោក បៃដិន បានចុះហត្ថលេខាលើកញ្ចប់ថវិកាជំនួយផ្នែកយោធាទំហំ ៩៥ពាន់លានដុល្លារ ដែលត្រូវបានសភាទាំង២អនុម័ត ក្នុងនោះមានទាំងកញ្ចប់ជំនួយយោធា ៨.១ពាន់លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលចិនក្នុងតំបន់។ ការទម្លាក់កញ្ចប់ថវិការនេះទៀតសោត កើតមានឡើង បន្ទាប់ពីកាលពីដើមខែមេសាកន្លងទៅ មេដឹកនាំជប៉ុន ហ្វីលីពីន បានបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយលោក ចូ បៃដិន នៅឯសេតវិមានជាទីដែល មេដឹកនាំទាំង៣ បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងនោះរួមមានការបណ្ដុះបណ្ដាលទ័ពជើងទឹក និងការធ្វើសមយុទ្ធយោធា ជាមួយប្រទេសជាដៃគូផ្សេងទៀតក្នុងតំបន់។ កាលពីឆ្នាំមុន រដ្ឋបាលលោក បៃដិន ក៏បានពង្រឹងទំនាក់ទំនងត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះដែរ ក្នុងជំនួបនៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken ថាសហរដ្ឋអាមេរិកមិនគួរលេងល្បែងចង់ឈ្នះតែឯង ឬក៏បង្កើតប្លុកតូចៗនោះទេ។ «លោកប្រធានាធិបតីបាននិយាយថាខណៈភាគី ទាំងសងខាង អាចមានមិត្ត និងដៃគូ តែក៏មិនគួរប្រឆាំង ឬបំផ្លាញអ្នកដទៃនោះដែរ»។ នេះបើតាមការដកស្រង់សម្ដីលោក ស៊ី ជីនពីង ប្រាប់លោក Blinken ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ សហរដ្ឋអាមេរិកមានសន្ធិសញ្ញាយោធាទ្វេភាគីជាមួយសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់។ បានមានន័យថាការវាយប្រហារលើទ្រព្យសម្បត្តិ យោធា ឬកងទ័ពនៃប្រទេសទាំងនោះនឹងតម្រូវឱ្យមានការប្រើប្រាស់សន្ធិសញ្ញាការពារជាតិរួមគ្នា ហើយការពង្រឹងវត្តមានកងទ័ពអាមេរិកនៅលើទឹកដីសម្ព័ន្ធមិត្ត ក៏នឹងកាន់តែពង្រឹងសន្ធិសញ្ញានេះឱ្យកាន់តែរឹងមាំផងដែរ។

* តើអ្វីទៅអាចកំញើញចិន?
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងទីក្រុងតៃប៉ិ ថាសម្ព័ន្ធភាពមួយដ៏រឹងមាំ និងការពង្រីកមូលដ្ឋានយោធាគឺជា កត្តាមួយដ៏សំខាន់ដើម្បីកំញើញចិន។ «យើងពិតជាសប្បាយរីករាយដែលបានឃើញបណ្ដាប្រទេសជាច្រើនក្នុងតំបន់ ភ្ញាក់ដឹងខ្លួនថាពួកគេក៏ត្រូវតែត្រៀមលក្ខណៈ ប្រឈមមុខនឹងការពង្រីកខ្លួនរបស់សាធារណរដ្ឋប្រជាមានិតចិនដែរ នៅពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់លោក Joseph Wu។ សម្រាប់ អ្នកយុទ្ធសាស្ត្រយោធាចិនមួយចំនួន សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងឡោមព័ទ្ធចិន នៅក្រោមយុទ្ធសាស្ត្រ «First Island Chain» ដែលជាតំបន់យុទ្ធសាស្ត្រមួយ ស្ថិតនៅកៀកដីគោកនៃតំបន់អាស៊ី លាតសន្ធឹងចាប់ពីកោះ Okinawa ក្នុងប្រទេសជប៉ុន ដល់តៃវ៉ាន់ ចាក់ចុះរហូតទៅដល់ហ្វីលីពីន។ ធនធានយោធាអាមរិក ក្នុង តំបន់យុទ្ធសាស្ត្រមួយនេះ នឹងត្រូវបានប្រើក្នុងការរារាំងមិនឱ្យនាវាចម្បាំងចិន ចូលទៅកាន់ដែនទឹកនៃតំបន់ប៉ាស៊ីហ្វិកឡើយ ក្នុងករណីជម្លោះផ្ទុះឡើង។ ប៉ុន្តែ ក្រុមអ្នកសាធារណរដ្ឋបានរិះគន់គោលនយោបាយរបស់រដ្ឋបាលលោក បៃដិន ដោយពួកគេយល់ថា សហរដ្ឋអាមេរិកគួរតែទុកអាវុធសំខាន់ៗប្រើប្រាស់ផ្ទាល់ខ្លួន ខណៈមិនបានផលិតនាវាចម្បាំងថ្មីៗ និងប្រព័ន្ធអាវុធក្នុងល្បឿនលឿនគ្រប់គ្រាន់ដើម្បីកំញើញចិនទេ ក្នុងបរិបទដែលយោធាចិនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាការពិតណាស់ មេបញ្ជាការអាមេរិកមួយចំនួនបានទទួលស្គាល់ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្កើនល្បឿនផលិតនាវាចម្បាំង ប៉ុន្តែពួកគេអះអាងថា សមត្ថភាពប្រយុទ្ធក្នុងសង្រ្គាមរបស់មន្ទីរបញ្ចកោណ នៅតែមានប្រៀបលើចិន ហើយអាចនឹងកាន់តែមានភាពល្អប្រសើរឡើងយ៉ាងឆាប់រហ័សប្រសិនបើមាន គោលនយោបាយត្រឹមត្រូវ និងកញ្ចប់ថវិកាយោធាគ្រប់គ្រាន់។ មន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin សុទ្ធតែបាននិយាយថាសង្រ្គាមជាមួយចិន គឺគ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើងនោះទេ ហើយក៏មិនប្រាកដថាមិនអាចចៀសវាងបាននោះដែរ។ ប៉ុន្តែពួកគេ បានទទូចថាការអភិវឌ្ឍយោធា និងការពង្រឹងសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្ត បូកផ្សំការជជែកខាងការទូតជាមួយចិន គឺជាសមាសធាតុដ៏សំខាន់នៃការកំញើញចិន នៅពេលអនាគត។

* នៅជប៉ុន
ការពង្រឹងការកំញើញទប់ស្កាត់របស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោមកិច្ចប្រែង ២ ទីមួយ៖ បង្កើនសកម្មភាពល្បាតសមុទ្រ និងសមត្ថភាពរបស់កងទ័ពឡើងលើ ឆ្នេរ។ ចំពោះការបង្កើនសមត្ថភាពល្បាតសមុទ្រ មន្ទីរបញ្ចកោណបានប្រកាសថានាវាចម្បាំងនៃកងទ័ពជើងទឹកអាមេរិកនឹងបង្កើនការធ្វើសមយុទ្ធ ជាមួយសមភាគី ជប៉ុន នៅលើកោះ Ryukyu ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ក្បែរកោះតៃវ៉ាន់ និងជាមួយកងទ័ពជើងទឹកហ្វីលីពីនក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែល នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីនប៉ះទង្គិចគ្នាជាញឹកញាប់។ ចំណែក ចំពោះសមត្ថភាពរបស់កងទ័ពឡើងលើឆ្នេរវិញ កងកម្លាំងម៉ារីន និងកងទ័ពអាមេរិកឈរជើង ក្នុងតំបន់ប៉ាស៊ីហ្វិក បានដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយបំពាក់លើយានចល័តខ្នាតតូច ដែលអាចត្រូវបានដឹកដោយយន្ដហោះ Osprey ឬយន្ដហោះដឹកជញ្ជូនខ្នាតធំទៅកាន់ទីតាំងថ្មី ឬក៏ផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងដើម្បីគេចពីការវាយបកណាមួយរបស់ចិន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times កាលពីឆ្នាំ២០២៣ ឧត្តមសេនីយ៍លោក David H. Berger បាននិយាយថាយោធាអាមេរិកបាន និងកំពុងចាប់ផ្ដើមវិភាគលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗនៅចន្លោះកោះនីមួយៗ ជាទីដែលកងទ័ពជើងទឹកចិនអាចនឹងធ្វើដំណើរឆ្លងកាត់នៅទូទាំងតំបន់ប៉ាស៊ីហ្វិក។ លោកបន្ថែមថាយោធាអាមេរិកបានកំណត់អត្តសញ្ញាទីតាំងទាំងនោះរួចរាល់ហើយ ដែលអាចនឹងផ្ដល់ភាពងាយស្រួលដល់កងកម្លាំងម៉ារីន ដូចជាកងម៉ារីនថ្មី ឈរជើងនៅលើកោះ Okinawa អាចបើកការវាយប្រហារលើនាវាចម្បាំងចិនក្នុងករណីជម្លោះផ្ទុះឡើង។

* នៅហ្វីលីពីន
មន្ទីរបញ្ចកោណបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៣ថាហ្វីលីពីនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន៤បន្ថែមទៀត ធ្វើឱ្យ ចំនួនមូលដ្ឋានទ័ពរបស់ហ្វីលីពីន ដែលកងទ័ពអាមេរិកអាចចូលប្រើប្រាស់បានកើនឡើងដល់៩។ មូលដ្ឋានទ័ពទាំងនេះភាគច្រើនគឺជាមូលដ្ឋានទ័ពអាកាស ដែល មានព្រលានយន្ដហោះជាមួយផ្លូវរត់មានប្រវែងវែង ស័ក្តិសមនឹងយន្ដហោះយោធាដឹកជញ្ជូនធុនធ្ងន់។ បើពិនិត្យលើទីតាំងមូលដ្ឋានទ័ពទាំងនេះនៅលើផែនទី វាពិតជាមានសារៈសំខាន់ខាងយុទ្ធសាស្ត្រយោធាបំផុត ប្រសិនបើហ្វីលីពីនអនុញ្ញាតឱ្យយោធាអាមេរិកដាក់ពង្រាយកងទ័ពប្រយុទ្ធ និងប្រព័ន្ធមីស៊ីលចល័តនៅតាម មូលដ្ឋានទ័ពទាំងនោះ។ ជាឧទាហរណ៍ មូលដ្ឋានទ័ពមួយស្ថិតចុងភាគខាងជើងនៃកោះ Luzon របស់ហ្វីលីពីន អាចនឹងផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធមីស៊ីល ចល័តវាយប្រហារលើនាវាចម្បាំងចិន នៅទូទាំងច្រកសមុទ្រដែលខណ្ឌចែកហ្វីលីពីន ពីតៃវ៉ាន់ ខណៈមូលដ្ឋានទ័ពមួយទៀត ស្ថិតនៅចម្ងាយជាង ៧០០ miles ឬស្មើនឹងជាង ១១២៦គីឡូម៉ែតទៅភាគនិរតី អាចឱ្យកងទ័ពអាមេរិកប្រើជាមូលដ្ឋានវាយប្រហារលើមូលដ្ឋានយោធា ដែលចិនបានសាងសង់នៅលើទីប្រជុំកោះ Spratly ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសន្យាទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅលើមូលដ្ឋានទ័ពទាំង៩ របស់ហ្វីលីពីន ហើយកញ្ចប់ជំនួយបន្ថែមត្រូវបានគេរំពឹងថាអាចនឹងត្រូវបានទម្លាក់ក្នុងឆ្នាំ២០២៤នេះ។

* នៅអូស្ត្រាលី
មន្ទីរបញ្ចកោណ បានពង្រឹងទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីពង្រីកជញ្ជាំងការពាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង ការប៉ុនប៉ងណាមួយរបស់យោធាចិនក្នុងការបង្កើតអនុត្តរភាពនៅតាមបណ្ដោយតំបន់យុទ្ធសាស្ត្រ «Second Island Chain»។ នៅជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកបានបញ្ជូននាវាប្រយុទ្ធមួយចំនួនទៅកាន់ប្រទេសសិង្ហបុរី និងកងកម្លាំងម៉ារីនប្ដូរវេនទៅកាន់មូលដ្ឋានទ័ពក្នុងទីក្រុង Darwin នៃឆ្នេរភាគខាងជើង ប្រទេសអូស្ត្រាលី ដែលនេះបានផ្ដល់ឱ្យមន្ទីរបញ្ចកោណនូវធនធានយោធាបន្ថែម ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងតំបន់។

កាលពីឆ្នាំ២០២៣ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានដំឡើងការប្ដេជ្ញាចិត្តចំពោះអូស្ត្រាលីជាសម្ព័ន្ធមិត្តមិនមែន NATO ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ ក្នុងនោះកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្រោមសន្ធិសញ្ញា AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្តា្រលី នឹងតម្រូវឱ្យមានការផ្ទេរ ជាអចិន្រ្តៃយ៍នូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia-class របស់អាមេរិកទៅឱ្យអូស្ត្រាលី។ មូលដ្ឋានសម្រាប់នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរទាំងនោះឈរជើង មិនត្រូវបានប្រកាសឱ្យដឹងនៅឡើយទេ។ ប៉ុន្តែ ​ក្រុមទី១នៃនាវិកអូស្ត្រាលីដែលនឹងបញ្ជានាវាមុជទឹក បានឆ្លងកាត់ការបណ្ដុះបណ្ដាលផ្នែក ថាមពលនុយក្លេអ៊ែរនៅក្នុងសហរដ្ឋអាមេរិករួចរាល់ហើយកាលពីខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មានសមត្ថភាពបាញ់មីស៊ីល torpedoes និង Tomahawk ដែលនឹងក្លាយជាឧបសគ្គបន្ថែមដែលចិនត្រូវ ប្រឈមមុខ ក្នុងករណីសង្រ្គាមផ្ទុះឡើង។ មិនតែប៉ុណ្ណោះ នៅឯភាគខាងជើងនៃប្រទេសអូស្ត្រាលី កិច្ចព្រមព្រៀងមួយកាលពីខែសីហា ឆ្នាំ២០២៣ ក៏បានផ្ដល់ឱ្យកងទ័ព អាមេរិកនូវសិទ្ធិចូលប្រើប្រាស់កំពង់ផែបន្ថែម ក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ សម្រាប់ការធ្វើបេសកកម្មមនុស្សធម៌ និងបានទទួលជំនួយពីសហរដ្ឋអាមេរិកដើម្បី ធ្វើបច្ចុប្បន្នភាពមូលដ្ឋានយោធានៅទីនោះផងដែរ។ ការកើនឡើងនៃបណ្ដាញសម្ព័ន្ធមិត្ត និងកិច្ចព្រមព្រៀងសន្តិសុខនៅទូទាំងតំបន់ប៉ាស៊ីហ្វិក គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអាមេរិកដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់៕