(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសនានា យល់ព្រមលើកិច្ចព្រមព្រៀងដែលមានបំណងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត ខណៈដែលការចរចាខិតជិតដល់ពេលកំណត់ក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងថ្មីនេះ រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពចំពោះច្បាប់ជំងឺរាតត្បាតដែលមានស្រាប់ មានបំណងពង្រឹងការការពារជាសកលប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីការរាតត្បាតនៃវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ដែលបានឆក់យកជីវិតមនុស្សរាប់លាននាក់។ ប្រទេសនានាត្រូវបានគេរំពឹងថា នឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះ ត្រឹមថ្ងៃទី១០ ខែឧសភា ដោយមានគោលបំណងអនុម័តវា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកនៅចុងខែនេះ បើទោះបីជាការខ្វែងគំនិតសំខាន់ៗ នៅតែមានក្នុងចំណោមអ្នកចូលរួមក៏ដោយ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានជំរុញឱ្យប្រទេសនានា ផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ពួកគេ ដោយឈានដល់កិច្ចព្រមព្រៀងលើកតិកាសញ្ញានេះ។ លោកបានលើកទឹកចិត្តប្រទេស ដែលមិនយល់ស្របទាំងស្រុងលើសេចក្តីព្រាងនេះ យ៉ាងហោចណាស់ត្រូវជៀសវាងពីការរារាំងការយល់ស្រប ក្នុងចំណោមប្រទេសសមាជិកទាំង ១៩៤ របស់អង្គការសុខភាពពិភពលោក។

ចំណុចសំខាន់មួយនៃជម្លោះរវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍ គឺការចែកចាយថ្នាំ និងវ៉ាក់សាំងប្រកបដោយសមធម៌ ដើម្បីបង្ការការកើតឡើងវិញ នៃវិសមភាពដែលបានសង្កេតឃើញក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ អ្នកនយោបាយស្តាំនិយមមួយចំនួននៅក្នុងបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី បានរិះគន់សំណើសន្ធិសញ្ញាដែលមានកាតព្វកិច្ចស្របច្បាប់ថា វាផ្តល់សិទ្ធិអំណាចច្រើនពេកដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ។

លោក Tedros បានបដិសេធយ៉ាងដាច់អហង្កាចំពោះអំណះអំណាងនេះ ដោយនិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយប្រទេសនានាក្នុងការការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។

គួរជម្រាបថា ប្រទេសជាសមាជិករបស់ WHO បានយល់ព្រមលើសន្ធិសញ្ញាដែលមានកាតព្វកិច្ចស្របច្បាប់ តែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ខ្លួន គឺសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់ក្នុងឆ្នាំ ២០០៣៕