(ហ្កាហ្សា)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រុមហាម៉ាស បានលើកឡើងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះថា ពួកគេនឹងមិនយល់ព្រមជាដាច់ខាត ទោះក្រោមកាលៈទេសៈណាក៏ដោយ ចំពោះបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា (Gaza) ដែលមិនរួមមានការបញ្ចប់​សង្រ្គាមជាអចិន្រ្តៃយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

មន្រ្តីខាងលើបានលើកឡើងដូច្នេះថា «ហាម៉ាសនឹងមិនយល់ស្របដាច់ខាត បើទោះបីស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ចំពោះកិច្ចព្រមព្រៀងមួយ ដែលមិនរួមបញ្ចូលឱ្យច្បាស់ៗ នូវការបិទបញ្ចប់សង្រ្គាមក្នុងតំបន់ Gaza។ វានឹងមិនអាចមានកិច្ចព្រមព្រៀងណាមួយឡើយ ដោយគ្មានការបញ្ចប់សង្រ្គាម និងការដកចេញវិញនូវការត្រួតត្រាលើតំបន់ Gaza ទាំងមូល»។ មន្រ្តីហាម៉ាសដដែល ក៏បានរិះគន់ផងដែរថា អ៉ីស្រាអែលចង់សម្រេចបាន​កិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំង ប៉ុន្តែមិនចង់ភ្ជាប់ជាមួយការបិទបញ្ចប់សង្រ្គាមរបស់ខ្លួន នៅ Gaza។

ដោយឡែក មន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់ នៅថ្ងៃសៅរ៍ដដែល បាននិយាយថា ការណ៍ដែលហាម៉ាសមិនព្រមបោះបង់ចោល ការទាមទារ​ឱ្យបញ្ចប់សង្រ្គាម កំពុងររារាំងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ។ រីឯខាងហាម៉ាស បានចោទប្រកាន់ថា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល គឺមានចេតនាដោយផ្ទាល់បង្កជាឧបសគ្គ ចំពោះកិច្ចប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់។

ការអត្ថាធិប្បាយទាំងនេះកើតមានឡើង បន្ទាប់ពីក្រុមអ្នកចរចារបស់ហាម៉ាស បានត្រឡប់ទៅកាន់ប្រទេសអេហ្ស៉ីបសាជាថ្មី កាលពីថ្ងៃសៅរ៍ ដើម្បីផ្តល់ការឆ្លើយតបរបស់ខ្លួន ចំពោះសំណើផ្អាកការប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមដែលអូសបន្លាយពេលជិត៧ខែមកហើយ។ អ៉ីស្រាអែល បាននិយាយថា ខ្លួននឹងមិនបញ្ជូនប្រតិភូទៅកាន់អេហ្ស៉ីបឡើយ លុះត្រាតែមើលឃើញមានសញ្ញាវិជ្ជមាន លើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀង ស្តីពីការដោះលែងអ្នកទោស។

គួរបញ្ជាក់ថា ក្រុមអ្នកចរចារបស់អេហ្ស៉ីប កាតា ព្រមទាំងសហរដ្ឋអាមេរិក បាននិងកំពុងរង់ចាំឱ្យក្រុមហាម៉ាស ឆ្លើយតបចំពោះសំណើមួយ ដែលនឹងផ្អាកការប្រយុទ្ធគ្នារយៈពេល៤០ថ្ងៃ ហើយមានការដោះដូរចំណាប់ខ្មាំង ជាមួយអ្នកទោសប៉ាឡេស្ទីន ដែលស្ថិតក្នុងពន្ធនាគារអ៉ីស្រាអែល។ មកទល់ពេលនេះ ក្រុមអ្នកចរចានៅតែមិនទាន់អាចសម្រេចបាន បទឈប់បាញ់ថ្មីមួយ ស្រដៀងគ្នាទៅនឹងបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលបានមើលឃើញ មានការដោះលែងចំណាប់ខ្មាំងចំនួន១០៥នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយចំណាប់ខ្មាំងជនជាតិអ៉ីស្រាអែល ក្នុងចំណោមនោះ ត្រូវបានដោះដូរជាមួយជនជាតិប៉ាឡេស្ទីន ដែលស្ថិតក្រោមការឃុំឃាំងរបស់អ៉ីស្រាអែល៕