(មូស្គូ)៖ នៅថ្ងៃចន្ទនេះ រុស្ស៉ីបានឱ្យដឹងថា ខ្លួននឹងរៀបចំការធ្វើសមយុទ្ធយោធាមួយ ដែលនឹងរួមមានការហាត់ប្រើអាវុធនុយក្លេអ៊ែរតាក់ទិច បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូមើលឃើញថា ជាការគំរាមកំហែងពីសំណាក់ក្រុមមន្រ្តីលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញបទបញ្ជាឱ្យធ្វើសមយុទ្ធយោធាខាងលើ ហើយវា​នឹងតេស្តសមត្ថភាពត្រៀមលក្ខណៈ របស់កងកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ។ សមយុទ្ធយោធានេះ នឹងរួមមាននូវការហ្វឹកហាត់ សម្រាប់ការត្រៀមរៀបចំនិងការដាក់ពង្រាយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទមិនមែនយុទ្ធសាស្រ្ត គឺអាវុធនុយក្លេអ៊ែរតាក់ទិច ហើយកងទ័ពនិងកងកម្លាំងយោធាជើងទឹករុស្ស៉ី ដែលឈរជើងនៅក្បែរព្រំប្រទល់អ៊ុយក្រែន នឹងចូលរួមហ្វឹកហាត់​ក្នុងសមយុទ្ធនោះ។

ក្រសួងការពារជាតិរុស្ស៉ី បានបន្តថា លំហាត់យោធាខាងលើ មានគោលដៅធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់ប្រទេសរុស្ស៉ី ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈបង្កហេតុ ព្រមទាំងគំរាមកំហែង ពីសំណាក់ក្រុមមន្រ្តីលោកខាងលិចមួយចំនួន ប្រឆាំងមកលើរុស្ស៉ី។ រុស្ស៉ីគឺជាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់ នៅលើពិភពលោក។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់លោក ពូទីន នៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលកំពុងអូសបន្លាយមកទល់បច្ចុប្បន្ន បានបណ្តាល​ឱ្យទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិច ធ្លាក់ចុះដល់កម្រិតយ៉ាងដុនដាបជាទីបំផុត គិតចាប់តាំងតែពីសម័យវិបត្តិមីស៉ីលគុយបា កាលពី​ឆ្នាំ១៩៦២។ រុស្ស៉ីបានចាត់ទុកសង្រ្គាមនេះ ជាការប្រយុទ្ធតស៊ូប្រឆាំងជាមួយលោកខាងលិច ដែលលោក ពូទីន អះអាងថា បានពង្រើយកន្តើយ​ចំពោះការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ក្នុងការកសាងចំណងមិត្តភាព ដោយបានព្យាយាមគ្រប់គ្រងអ៊ុយក្រែន ហើយពង្រីកសម្ព័ន្ធភាព NATO ឆ្ពោះ​មកកាន់ភាគខាងកើត។ ដោយឡែក ក្រុមលោកខាងលិចនិងអ៊ុយក្រែន បាននិយាយថា ពួកគេនឹងបន្តប្រឹងប្រែងឥតរាថយ រហូតទាល់តែកងកម្លាំងរុស្ស៉ីទទួលបរាជ័យ ហើយចាត់ទុកសង្រ្គាមរបស់លោក ពូទីន ជាទង្វើវាយក្រសោបយកទឹកដីបែបពួកចក្រពត្តិ ដែលមានគោលដៅបង្ខំឱ្យអ៊ុយក្រែន ទៅស្ថិតក្រោមដែនឥទ្ធិពលរបស់ទីក្រុងមូស្គូ ដូចកាលពីសម័យសូវៀតវិញ៕