(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃចន្ទនេះ យោធាអីស្រាអែលចាប់ផ្តើមជំរុញដល់អ្នកស្រុកនៅទីក្រុង Rafah ឱ្យចាកចេញពីទីក្រុងភាគខាងត្បូង នៃតំបន់ហ្គាហ្សាមួយនេះ ប៉ុន្តែមិនបានទទួលសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ថានេះជាផ្នែកមួយនៃការរៀបចំត្រៀម វាយលុកតាមជើងគោក នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ ២០២៤។

យោធាអ៉ីស្រាអែល បានប្រាប់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងស្ថិតនៅប៉ែកខាងកើតនៃទីក្រុង Rafah ឱ្យផ្លាស់ទៅទីតាំងក្បែរ តំបន់មនុស្សធម៌។ ខិតប័ណ្ណផ្សព្វផ្សាយ ការផ្ញើសារ ការហៅទូរស័ព្ទ និងការប្រកាសតាមបណ្តាញសង្គម នឹងត្រូវប្រើប្រាស់ ដើម្បីជំរុញឱ្យជនស៉ីវិល ចាកចេញជាជាបណ្តើរៗទៅកាន់តំបន់ដែលបានបញ្ជាក់។ មិនមានការកំណត់ពេលវេលាសម្រាប់ការជម្លៀសទេ ប៉ុន្តែនឹងមានការវាយតម្លៃលើប្រតិបត្តិការ។ តាមការប៉ាន់ស្មាន មនុស្ស ១០០,០០០នាក់ត្រូវចាកចេញពី Rafah ក្នុងចំនួនដែលបានកំណត់។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល កងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល បានចាប់ផ្តើមជម្លៀសជនស៉ីវិលប៉ាឡេស្ទីន មុនពេលមានការបើកការវាយលុក។ ការជម្លៀសផ្តោតលើស្រុកមួយចំនួននៃទីក្រុង Rafah រួចទៅស្នាក់នៅតាមតង់ដែលបានដំឡើង នៅទីក្រុង Khan Younis និង Al Muwassi ស្ថិតនៅក្បែរគ្នានោះ។

គួរបញ្ជាក់ថា ៧ខែក្នុងការវាយប្រហារលើក្រុមហាម៉ាស អ៉ីស្រាអែលនិយាយថា Rafah មានក្រុមអ្នកប្រយុទ្ធរាប់ពាន់នាក់នៅទីនោះ ហើយថាជ័យជំនះគឺមិនអាចទៅរួចទេបើគ្មានការវាយយកទីក្រុងនេះ។ ទោះបីជាមនុស្សត្រូវផ្លាស់ទៅកាន់តំបន់មនុស្សធម៌ដែលមាន «សុវត្ថិភាពជាងមុន» ក្តី ក៏យោធាអ៉ីស្រាអែលព្រមានថា ក្រុមហាម៉ាស នៅតែអាចធ្វើការបាញ់រ៉ុក្កែតចេញពីតំបន់ទាំងនោះ៕