(សិង្ហបុរី)៖ ក្រសួងការពារជាតិនៃប្រទេសសិង្ហបុរី បានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះចម្បាំង F-16 ១គ្រឿង បានធ្លាក់នៅមូលដ្ឋានទ័ព​មួយកន្លែង ប៉ុន្តែជាសំណាងល្អ មិនមានមនុស្សណាម្នាក់ជួបគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការពារជាតិសិង្ហបុរី បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា អាកាសយានិកបានចុះផ្តាច់កៅចេញពីយន្តហោះដោយជោគជ័យ មុនពេល​វាធ្លាក់ទៅបុកដី ក្នុងមូលដ្ឋានទ័ពអាកាស Tengah។ អាកាសយានិកម្នាក់នោះ នៅដឹងខ្លួនធម្មតានិងអាចដើរបាន ខណៈរូបគេកំពុងតែ​ទទួល ការពិនិត្យតាមដានសុខភាព ហើយមិនមាននរណាផ្សេងទៀត រងគ្រោះថ្នាក់ឡើយ។

ក្រសួងការពារជាតិសិង្ហបុរី បានបន្តថា យន្តហោះចម្បាំង F-16 ខាងលើ បានជួបបញ្ហាមួយអំឡុងពេលហោះឡើង ហើយអាកាសយានិក បានធ្វើសកម្មភាពឆ្លើយតប ដោយស្របទៅតាមនីតិវិធីសម្រាប់ពេលអាសន្នបែបនេះ។ ទន្ទឹមគ្នា ក្រសួងក៏បានចាប់ផ្តើមបើកការស៉ើបអង្កេត ជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះ ផងដែរ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុដូចខាងលើ គឺជាករណីដ៏កម្របំផុតមួយ នៅក្នុងបុរីរដ្ឋមួយនេះ ដែលជាប្រទេសមាន កងទ័ពអាកាសទំនើបជាងគេ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍៕