(មូស្គូ)៖ អភិបាលតំបន់ Belgorod នៃប្រទេសរុស្ស៉ី ដែលនៅជាប់ព្រំដែនអ៊ុយក្រែន លោក Vyacheslav Gladkov បានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ៨នាក់រងរបួស និងបង្កការខូចខាតដល់ អគារលំនៅដ្ឋាន ក៏ដូចជារថយន្តផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ ២០២៤។

លោក Gladkov បានបន្ថែមថា ក្នុងចំណោមអ្នករបួសមានកុមារីអាយុ ១១ឆ្នាំម្នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រៅពីនោះ ផ្ទះល្វែងប្រហែល៣៤ខ្នង នៅក្នុងអគារអាផាតមិន១៩កន្លែង​ ក៏ដូចជារថយន្ត៣០គ្រឿង នៅក្នុងទីក្រុងនៃតំបន់ ព្រមទាំងអគាររដ្ឋបាល ក្នុងតំបន់ផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៉ី ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់បំផ្លាញរ៉ុក្កែត ១៥គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ RM-70 Vampir និងដ្រូន ១គ្រឿង។ ដ្រូន ៣គ្រឿងផ្សេងទៀត ក៏ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Kursk និង ២គ្រឿងទៀតលើតំបន់ Bryansk របស់រុស្ស៉ីដែលសុទ្ធសឹងតែនៅជាប់ព្រំដែនអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក Gladkov ក៏បានអះអាងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន បានផ្តាច់ជីវិតមនុស្ស​៧នាក់​ និងបង្កឱ្យរបួសយ៉ាងហោច៣៥នាក់ផ្សេងទៀត នៅតំបន់ Belgorod៕