(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ (១០ឧសភា)ថា មនុស្សជាង១០ម៉ឺននាក់បានភៀសខ្លួនចេញពីទីក្រុង Rafah ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈទីក្រុងភាគខាងត្បូងហ្គាហ្សាមួយនេះ កំពុងប្រឈមមុខនឹងការគំរាមកំហែង នៃការវាយលុកតាមផ្លូវគោករបស់អ៊ីស្រាអែល។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានបង្គាប់បញ្ជាឱ្យប្រជាជនហ្គាហ្សា ចាកចេញពីភាគខាងកើតនៃទីក្រុង Rafah ដែលនាំឱ្យមានការព្រួយបារម្ភជាអន្តរជាតិ។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានរាយការណ៍ថា មនុស្សជាង ១០០,០០០នាក់បានជម្លៀសចេញ ខណៈដែលទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានដាក់តួលេខនេះខ្ពស់ជាងនេះ គឺលើសពី ១១០,០០០នាក់។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុង Rafah បានស្ថិតនៅក្រោមការតាមដានរបស់ពិភពលោកយ៉ាងដិតដល់ ខណៈដែលចំនួនប្រជាជននៃទីក្រុងដ៏តូចមួយនេះ បានកើនឡើងដល់ប្រមាណ ១.៥ លាននាក់ បន្ទាប់ពីមានលំហូរនៃប្រជាជនប៉ាឡេស្ទីនកាន់តែច្រើន ដែលបានភៀសខ្លួនចេញពីជម្លោះនៅក្នុងតំបន់ផ្សេងទៀត មកប្រមូលផ្តុំគ្នានៅទីនោះ។

លោក Georgios Petropoulos ប្រធានការិយាល័យរងរបស់ OCHA នៅតំបន់ហ្គាហ្សា បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដោយពណ៌នាថាវាឈានដល់ «កម្រិតនៃភាពអាសន្នធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក»៕