(វ៉ាស៊ីនតោន)៖ សង្រ្គាមស៊ីវិលកាន់តែក្ដៅគគុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងគំរាមហែកប្រទេសដែលមានប្រជាជនជិត ៥៥លាននាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាចម្រៀកៗ ហើយដោយសារតែមានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះរវាងចិន និងឥណ្ឌា វាក៏បង្កផលវិបាកជាលក្ខណៈអន្តរជាតិផងដែរ។ ប៉ុន្តែ សង្រ្គាមនេះហាក់មិនសូវ ទទួលបានការចាប់អារម្មណ៍ខ្លាំងៗនោះទេ។ ក្នុងរយៈពេល ​៦ខែកន្លងមកនេះ ក្រុមដាប់អាវុធជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា បានយកឈ្នះលើកងកម្លាំងរបបសឹកពី សមរភូមិមួយទៅសមរភូមិ ធ្វើឱ្យក្រុមអ្នកវិភាគមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈជ័យជម្នះទាំងនោះកំពុងធ្វើឱ្យរបបសឹកប្រឈមមុខនឹងការគំរាមកំហែងដ៏ធំបំផុតមួយ។

ចាប់តាំងពីមានរដ្ឋប្រហារយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោង សានស៊ូជី ក្នុងឆ្នាំ២០២១មក មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិសិទ្ធិមនុស្ស និងសេដ្ឋកិច្ចដែលរុញប្រជាជនរាប់លាននាក់ធ្លាក់ចូលជ្រោះនៃភាពក្រីក្រ ចំពោះមុខការកើនឡើងការរត់ពន្ធគ្រឿងញៀន ការឆរបោកតាមប្រព័ន្ធអនឡាញ និងការលាងលុយ កខ្វក់។ មិនតែប៉ុណ្ណោះ អស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ាក៏បាន និងកំពុងបង្កជាបញ្ហាឈឺក្បាលដល់ប្រទេសជាប់ភូមិផងរបងជាមួយគ្នាដូចជាចិន ឥណ្ឌា និងប្រទេសដទៃ ក្នុងតំបន់ រួមទាំងបង្កជាបញ្ហាយុទ្ធសាស្រ្តសម្រាប់សហរដ្ឋអាមេរិកទៀតផង។

* រដ្ឋប្រហាររុញប្រទេសធ្លាក់ចូលក្នុងគ្រោះមហន្តរាយ
តាមពិតទៅ មីយ៉ាន់ម៉ាមិនមែនជាប្រទេសប្រជាធិបតេយ្យនោះទេ។ របបសឹកមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យមានការរៀបចំការបោះឆ្នោតកាលពីជាង១០ឆ្នាំមុន ដោយបើកផ្លូវឱ្យ លោកស្រី អោង សានស៊ូជី មានអាសនៈអង្គុយនៅឯសភាជាតិ។ ក្រោយមក លោកស្រីមានឱកាសដឹកនាំរដ្ឋាភិបាលស៊ីវិលមួយ តែរបបសឹកមីយ៉ាន់ម៉ានៅតែបន្តគ្រប់គ្រង ស្ថាប័នជាតិកំពូលៗ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

រហូតដល់ក្នុងឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនលោកស្រី អោង សានស៊ូជី និងធ្វើរដ្ឋប្រហារដណ្ដើមអំណាច ជាហេតុបង្កឱ្យផ្ទុះបាតុកម្មតវ៉ា។ យោធាបានបង្រ្កាបយ៉ាង សាហាវអស្ចារ្យលើក្រុមបាតុករ រហូតជំរុញឱ្យមានចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរបបសឹកវិញ។ សង្រ្គាមស៊ីវិលមិនមែនជារឿងថ្មីថ្មោងទេសម្រាប់មីយ៉ាន់ម៉ា ពោលយោធា មីយ៉ាន់ម៉ាបានធ្វើសង្រ្គាមជាហូរហែរជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្រោយមីយ៉ាន់ម៉ាទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ ប៉ុន្តែខុសប្លែកពីសព្វដង សង្រ្គាមសព្វថ្ងៃ មានជនស៊ីវិលក្នុងចំនួនដ៏ច្រើនជាជនជាតិ Bamar ដែលជាជនជាតិភាគច្រើន ក្នុងប្រទេសមីយ៉ាន់ម៉ាបានកាន់អាវុធប្រកៀកស្មា ចូលរួមប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិ ភាគតិចដើម្បីប្រយុទ្ធប្រឆាំងនឹងរបបសឹក។

*​ ចលនាតស៊ូប្រដាប់អាវុធប្រឆាំងរបបសឹក កំពុងមានប្រៀប
ចលនាតស៊ូប្រដាប់អាវុធបានវាយដណ្ដើមកាន់កាប់ទឹកដីពីកងកម្លាំងរបបសឹកមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង ជាបន្តបន្ទាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជាពេលដែល សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគិចមួយមានមូលដ្ឋានក្នុងរដ្ឋ Shan ក្បែរព្រំដែនចិន ដណ្ដើមបានទីក្រុងជាច្រើន។ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ក៏បានបើកការវាយប្រហារ ម្ដងម្កាលលើរដ្ឋធានីណៃពិដោ ដោយប្រើដ្រូន និងកំពុងមានភាពរីកចម្រើននៅតាមតំបន់ជាច្រើនស្ថិតតាមបណ្ដោយព្រំដែនផងដែរ។ តួយ៉ាង កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Karen បានវាយដណ្ដើមកាន់កាប់ទីក្រុងពាណិជ្ជកម្មមួយដែលតភ្ជាប់ទៅភាគខាងកើតទីក្រុងយ៉ាងហ្គន តាមបណ្ដោយព្រំដែនថៃ ស្របពេល មានការរំពឹងថារដ្ឋ Karen អាចនឹងក្លាយជារដ្ឋដំបូងគេដែលនឹងត្រូវបានរំដោះទាំងស្រុងពីការគ្រប់គ្រងដោយរបបសឹក។

លើសពីនេះទៅទៀត ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏កំពុងមានភាពរីកចម្រើនក្នុងរដ្ឋ Kachin ស្ថិតនៅភាគឦសាននៃប្រទេសដែរ ជាទីដែលកងទ័ពមីយ៉ាន់ម៉ាកំពុងគ្រប់គ្រង រ៉ែត្បូងជាច្រើន រួមទាំងក្នុងរដ្ឋ Rakhine ស្ថិតនៅភាគខាងលិចប្រទេស ជាទីដែលកងទ័ពមីយ៉ាន់ម៉ា និងកងជីវពលជាសម្ព័ន្ធមិត្តរបស់ពួកគេធ្លាប់ដឹកនាំការកាប់សម្លាប់រង្គាល ជនជាតិភាគតិចមូស្លីម Rohingya និងបង្ខំឱ្យមនុស្សរាប់សែននាក់រត់ចូលទឹកដីបង់ក្លាដែស។ ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថាកងទ័ព Arakan ដែលជាកងកម្លាំងប្រដាប់ អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលមួយក្នុងរដ្ឋ Rakhine អាចនឹងដណ្ដើមកាន់កាប់ទីក្រុង Sittwe ជារដ្ឋធានីនៃរដ្ឋ Rakhine ក្នុងពេលដ៏ខ្លីខាងមុខ។

* សង្រ្គាមស៊ីវិលមីយ៉ាន់ម៉ា បង្កផលវិបាកជាលក្ខណៈអន្តរជាតិ
សង្រ្គាមស៊ីវិលមីយ៉ាន់ម៉ាត្រូវបានក្រុមអ្នកវិភាគនិយាយថាបានបង្កផលវិបាកទាំងក្នុងតំបន់ និងអន្តរជាតិ។ បើតាមអង្គការសហប្រជាជាតិ រុស្ស៉ី និងបណ្ដាប្រទេសមួយចំនួនទៀត បានលក់អាវុធឱ្យរបបសឹកមីយ៉ាន់ម៉ា ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះរដ្ឋប្រហារមក។ ចិនមើលឃើញថាគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរងការគំរាមកំហែង ខណៈឥណ្ឌាដែលបារម្ភជាយូរណាស់មកហើយពីភាពចលាចលនៅតាមតំបន់ក្បែរព្រំដែនរបស់ខ្លួន បាន និងកំពុងបណ្ដេញ និងទប់ស្កាត់លំហូរចូល ជនភៀសខ្លួនមីយ៉ាន់ម៉ា។ ដូចគ្នាដែរ ថៃដែលមានព្រំដែនជាប់ភាគខាងកើតមីយ៉ាន់ម៉ា ក៏កំពុងព្រួយបារម្ភផងដែរថាជនភៀសខ្លួន ៤០ ០០០នាក់ ឬច្រើនជាងនេះអាចនឹងរត់ឆ្លងដែន ចូលទឹកដីថៃ នៅក្នុងឆ្នាំ២០២៤នេះ។ ចំណែក បង់ក្លាដែសវិញមើលឃើញថាសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា គឺជាឧបសគ្គរារាំងដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍ ជនជាតិ Rohingya រីឯសហរដ្ឋអាមេរិកបានចាប់ផ្ដើមផ្ដល់ជំនួយដែលមិនមែនជាអាវុធអាចសម្លាប់មនុស្សដល់ចលនាតស៊ូប្រដាប់អាវុធប្រឆាំងរបបសឹក។

ចុះបើដូច្នេះ ហេតុអ្វីបានជាសង្រ្គាមនេះមិនសូវទទួលបានការចាប់អារម្មណ៍? បើតាមលោក Richard Horsey ជាអ្នកជំនាញស្ដីពីមីយ៉ាន់ម៉ា មានហេតុផលមួយ នោះគឺអាចមកពី លោកស្រី អោង សានស៊ូជី បានបាត់បង់ «ភាពជានិមិត្តរូបនៃសិទ្ធិមនុស្ស» ដោយសារតែភាពអសកម្ម និងការចោទប្រកាន់ថាលោកស្រីបានគាំទ្រ ក៏ដូចជាជួយនិយាយដោះសារឱ្យ យុទ្ធនាការសម្លាប់រង្គាលជនជាតិ Rohingya របស់យោធាមីយ៉ាន់ម៉ា។ នៅត្រង់នេះ អ្នកជំនាញមកពីស្ថាប័ន Crisis Group រូបនេះពន្យល់ថា «ការបាត់បង់ភាពជានិមិត្តរូបសិទ្ធិមនុស្ស របស់លោកស្រី ស៊ូជី បានលុបបំបាត់ចោលនូវទ្រឹស្ដី «ប្រជាធិបតេយ្យតតាំងនឹងពួកឧត្តមសេនីយ៍ផ្ដាច់ការ» ដែលជាទូទៅអាចជួយបង្កើតចំណាប់អារម្មណ៍នៅក្នុងសង្រ្គាម។ លោក Horsey បានគូសបញ្ជាក់ដូច្នេះថា «ទ្រឹស្ដីបែបនេះបានរលាយបាត់ទៅហើយ។ អ្នកក៏បានឃើញហើយដែរដូចជានៅស៊ូដង់ ឬនៅហៃទី ក៏មិនសូវមានគេចាប់អារម្មណ៍នោះដែរ»៕