(Rafah, ប៉ាឡេស្ទីន)៖ អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះ បន្ទាប់ពីបានបង្គាប់ឱ្យប្រជាជនស៊ីវិល ប៉ាឡេស្ទីនបន្ថែមទៀតជម្លៀសខ្លួនចេញពីទីក្រុង Rafah បើទោះជាមានការព្រមានពីអង្គការសហប្រជាជាតិថាការវាយប្រហារលើទីក្រុងមួយនេះជាទីដែលជនភៀសខ្លួន ជាង ១.៤លាននាក់កំពុងជ្រកកោន នឹងបង្កជាគ្រោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារគាំពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បាននិយាយថាគ្រូពេទ្យ ២នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យនេះ ក្នុងទីក្រុង Deir al-Balah ភាគកណ្ដាលនៃតំបន់ហ្កាហ្សា ខណៈអ្នករាយការណ៍ព័ត៌មាន AFP បានរាយការណ៍ពីការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក និងស្នូរគ្រាប់យ៉ាងក្រើកបាញ់ចេញពីឧទ្ធម្ភាគចក្រអ៉ីស្រាអែលក្បែរទីក្រុងហ្កាហ្សា។ ចំណែក សាក្សីវិញក៏បានអះអាងដែរថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងទីក្រុង Rafah ក្បែរព្រំដែនជាមួយអេហ្ស៉ីបកាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ទោះជាមានការជំទាស់ពីអន្តរជាតិក៏ដោយ តែកងទ័ពអ៉ីស្រាអែលបានសម្រុកចូល និងកំពុងធ្វើប្រតិបត្តិការទ្រង់ទ្រាយតូច នៅភាគខាងកើតនៃទីក្រុង Rafah ដោយបានកាត់ផ្ដាច់ច្រកផ្លូវដែលជំនួយមនុស្សធម៌ត្រូវឆ្លងកាត់។ អ៉ីស្រាអែល ថែមទាំងបានពង្រីកការជម្លៀសជនស៊ីវិលចេញពីភាគខាងកើតទីក្រុង Rafah ទៀតផង ក្រោយនិយាយថាមនុស្សជាង ៣០០ ០០០នាក់ត្រូវបានជម្លៀសចេញ ចាប់តាំងពីការបង្គាប់ជម្លៀសខ្លួនកាលពីដើមសប្ដាហ៍កន្លងទៅនេះមក៕