(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា បានសម្រេចចិត្តតែងតាំងលោក Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Sergei Shoigu ក្រោមក្របខណ្ឌនៃការរុះរើគណៈរដ្ឋមន្ត្រីដ៏សំខាន់បំផុតមួយ ចាប់តាំងពីបានធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឈ្មោះរបស់លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ច ត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីនេះដែរ ធ្វើឡើង ក្នុងឱកាសដែល លោក ពូទីន ចាប់ផ្ដើមអាណត្តិទី៥របស់លោក ក្នុងនាមជាប្រធានាធិបតី ស្របទៅនឹងច្បាប់រុស្ស៉ីដែលចែងថាគណៈរដ្ឋមន្ត្រីចាស់ទាំងមូលនឹងត្រូវរំលាយចោល កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រោយលោក ពូទីនស្បថចូលកាន់តំណែងជាផ្លូវការ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់កាលពីខែមុន លោក Timur Ivanov ដែលជាអនុរដ្ឋមន្ត្រីម្នាក់របស់ លោក Shoigu ត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំក្រោមការស៊ើបអង្កេតពីបទពុករលួយ ខណៈការចាប់ខ្លួននេះត្រូវបានគេបកស្រាយថាជាការវាយប្រហារលើលោក Shoigu និងអាចជាហេតុផលមួយ នៅពីក្រោយការសម្រេចចិត្តតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់លោក ពូទីន។

គួរបញ្ជាក់ថា បេក្ខភាពជារដ្ឋមន្ត្រីការពារជាតិរបស់លោក Andrei Belousov នឹងត្រូវឆ្លងកាត់ការអនុម័តពីសភាជាន់ខ្ពស់រុស្ស៉ី។ លោក Sergei Shoigu ត្រូវបានលោក ពូទីន តែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ក្នុងឆ្នាំ២០១២។ នៅក្នុងក្រឹត្យមួយរបស់លោក ពូទីន លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសនិ្តសុខជាតិរុស្ស៉ី ជំនួស លោក Nikolai Patrushev។ ចំណែក នាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក Valery Gerasimov នឹងបន្តកាន់តំណែងដើម្បីត្រួតពិនិត្យ និងដឹកនាំប្រតិបត្តិការ យោធាក្នុងប្រទេសអ៊ុយក្រែន៕