(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ ដើម្បីជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលវិមានក្រឹមឡាំងសង្ឃឹមថានឹងពង្រឹងភាពជាដៃគូរវាងប្រទេសទាំង២ ដែលសុទ្ធសឹងជាគូសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់ សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន និងរុស្ស៉ីបានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីរុស្ស៉ី បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែន។ ដោយជ្រើសរើសចិនជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងចាប់តាំងពី ស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិថ្មីមានរយៈពេល៦ឆ្នាំ កាលពីពេលថ្មីៗនេះ លោក ពូទីន ចង់បញ្ជូនសារមួយទៅកាន់ពិភពលោកពីអាទិភាពរបស់លោក និងភាពស៊ីជម្រៅនៃទំនាក់ទំនងជាមួយលោក ស៊ី ជីនពីង។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន Xinhua មុនធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន លោក ពូទីន បានកោតសរសើរលោក ស៊ី ជីនពីង សម្រាប់ការកសាង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៉ី ដោយឈរលើផលប្រយោជន៍ជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

គួរបញ្ជាក់ថា លោក ពូទីន មានអាយុ៧១ឆ្នាំ និងលោក ស៊ី ជីនពីង មានអាយុ៧០ឆ្នាំ នឹងត្រូវចូលរួមក្នុងពិធីមួយដើម្បីប្រារព្ធខួប៧៥ឆ្នាំ ដែលអតីតសហភាពសូវៀត ប្រកាសទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានប្រកាសបង្កើតឡើងដោយលោកប្រធានម៉ៅ សេទុង ក្នុងឆ្នាំ១៩៤៩៕