(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងចាប់ផ្តើម «សករាជថ្មី» នៃភាពជាដៃគូ​ល្អ ដើម្បីក្លាយជាជាគូប្រជែងដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក ដែលពួកគេពណ៌នាថា ជាមហាអំណាចនៅក្នុងសម័យសង្គ្រាមត្រជាក់ ដែលកំពុងសាបព្រួសភាពវឹកវរជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

លោក ស៊ី បានស្វាគមន៍លោក ពូទីន នៅលើកម្រាលព្រំក្រហមនៅខាងក្រៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ជាទីដែលពួកគេត្រូវបានស្វាគមន៍ដោយកងទ័ពរំដោះប្រជាជនចិន ការស្វាគមន៍ដោយកាំភ្លើង២១ ត្រូវបានបាញ់នៅទីលានធានអានមេន ហើយក្មេងៗបានគ្រវីទង់ជាតិចិន និងរុស្ស៊ី។

ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ «គ្មានព្រំដែន» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុននឹងបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដីគោកដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក ស៊ី វ័យ៧០ឆ្នាំ និងលោក ពូទីន វ័យ៧១ឆ្នាំ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ស្តីពី «សករាជថ្មី» ដែលបានប្រកាសប្រឆាំងនឹងសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខជាច្រើន និងទស្សនៈរួមគ្នាលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីបញ្ហាតៃវ៉ាន់ និងអ៊ុយក្រែន រហូតដល់កូរ៉េខាងជើង និងអាវុធនុយក្លេអ៊ែរ រួមទាំងកិច្ចសហប្រតិបត្តិការបច្ចេកវិជ្ជានុយក្លេអ៊ែរសន្តិភាពថ្មី និងហិរញ្ញប្បទានជាដើម។

លោក ស៊ី បានប្រាប់លោក ពូទីន ថា «ទំនាក់ទំនងចិន-រុស្ស៊ីនាពេលបច្ចុប្បន្ននេះគឺពិបាករកបាន ហើយភាគីទាំងពីរត្រូវតែស្រឡាញ់ និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនងមួយនេះ»។ លោកបានសង្កត់ធ្ងន់លើឆន្ទៈរបស់ប្រទេសចិន ក្នុងការធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ និងការស្តារឡើងវិញនូវប្រទេសរៀងៗខ្លួន និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌ជាសកល។

លោក ពូទីន និងលោក ស៊ី ក៏ចែករំលែកទស្សនៈពិភពលោកយ៉ាងទូលំទូលាយ ដែលមើលឃើញថាលោកខាងលិចមានភាពអាប់អួរ និងថយក្រោយ នៅពេលដែលប្រទេសចិនកំពុងប្រឈមមុខ នឹងការត្រួតត្រារបស់សហរដ្ឋអាមេរិកក្នុងផ្នែកបច្ចេកវិទ្យា ចារកម្ម និងកម្លាំងយោធា។

លោក ស៊ី និងលោក ពូទីន ជឿថា យុគសម័យក្រោយសង្គ្រាមត្រជាក់ នៃអនុត្តរភាពពិសេសរបស់អាមេរិកកំពុងដួលរលំ បន្ទាប់ពីភាពអាម៉ាស់ដែលបន្សល់ទុកដោយការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ និងជាច្រើនសតវត្សនៃការគ្រប់គ្រងអាណានិគមអឺរ៉ុបលើប្រទេសចិន។

គួរជម្រាបថា សហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ហើយរុស្ស៊ីជាការគំរាមកំហែងដ៏ធំបំផុតរបស់ប្រទេសជាតិ ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថាសតវត្សនេះនឹងត្រូវកំណត់ដោយការប្រកួតប្រជែងអត្ថិភាព រវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព។ សហរដ្ឋ​អាមេរិក​ចាត់ទុក​អ្នក​ទាំងពីរ​ថា​ជា​មេដឹកនាំ​ផ្តាច់ការ ​ដែល​បាន​គាបសង្កត់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​បាន​ដាក់​ការ​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តុលាការ។ លោក បៃដិន បានហៅលោក ស៊ី ថាជា «ជនផ្តាច់ការ» ហើយបានហៅថា លោក ពូទីន គឺជា «ឃាតករ» ហើយថែមទាំង «ឆ្កួត» ទៀតផង៕