(គៀវ)៖ ក្រុង Vovchansk ក្នុងទឹកដីខេត្តខាគីវ កំពុងក្លាយជាសមរភូមិដ៏ក្តៅគគុកមួយនាពេលនេះ។ រុស្ស៊ីបានប្តេជ្ញាវាយដណ្តើមយកក្រុងជាប់ព្រំដែននេះ ធ្វើជាកន្លែងទ្រនាប់មួយសម្រាប់ការពារទឹកដីរុស្ស៊ី ប៉ុន្តែអ៊ុយក្រែនដែលទើបនឹងទទួលបានអាវុធជំនួយថ្មីៗ ក៏ប្តេជ្ញាថានឹងមិនឱ្យរុស្ស៊ី សម្រេចបំណងបានឡើយ។ តើក្រុង Vovchansk នឹងមានអនាគតដូចក្រុងបាក់មុត និងក្រុង Adiivka ដែរឬយ៉ាងណា គេនឹងរង់ចាំមើលលទ្ធផលក្នុងពេលខាងមុខនេះ។

មេបញ្ជាការជាន់ខ្ពស់របស់អង្គការណាតូ លោក Christopher Cavoli បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមិនមានកម្លាំងវាយលុកថ្មើរជើងរបស់ខ្លួនគ្រប់គ្រាន់ ដើម្បីធ្វើការ វាយសម្រុកទៅមុខចូលកាន់កាប់ក្នុងទឹកដីអ៊ុយក្រែនបានឡើយ។
ការវាយតម្លៃនេះត្រូវគេរាយការណ៍ថា បានផ្អែកលើការពិនិត្យផ្ទាល់នៃយុទ្ធនាការវាយលុកនៃ កម្លាំងថ្មើរជើងរបស់រុស្ស៊ីដាក់ទៅលើសមរភួមិថ្មី នៅខេត្តខាគីវដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រ ទី១០ឧសភាសប្តាហ៍មុននោះមក។

រុស្ស៊ីបានបញ្ជូនកម្លាំងទាហានថ្មើរជើង៥ម៉ឺននាក់ ក្នុងយុទ្ធនាការវាយលុកចូលមកក្នុងខេត្តKharkiv របស់អ៊ុយក្រែន និងយ៉ាងហោចកម្លាំងបីម៉ឺននាក់ បាននិងកំពុងធ្វើប្រតិបត្តិការវាយប្រហារ ដាក់មកលើខេត្ត Kharkiv។ ការបញ្ជូនកងកម្លាំងច្រើនសន្ធឹកសន្ធាប់ក្នុងពេលដែលអ៊ុយក្រែន កំពុងរងចំណោទនឹងការខ្វះទ័ពនោះ ត្រូវបានអ្នកតាមដានភាពវិវត្តន៍ស្ថានការណ៍សឹកបារម្ភ ថា មានប្រៀបឈ្នះនៅលើសមរភូមិគឺជាកម្លាំងរបស់ទ័ពរុស្ស៊ី គ្រាដែលមានការអះអាងរបស់រុស្ស៊ី ក្នុងសប្តាហ៍នេះបញ្ជាក់ថា មានភូមិយ៉ាងហោចចំនួន៩ បានធ្លាក់ចូលក្នុងការកាន់កាប់របស់រុស្ស៊ីហើយ។
ប៉ុន្តែឧត្តមសេនីយអាមេរិកក្នុងអង្គការណាតូបាននិយាយថា លោក«បានធ្វើទំនាក់ទំនងយ៉ាង ជិតស្និទ្ធជាមួយសហសេវិកអ៊ុយក្រែន»។ ឧត្តមសេនីយ៍រូបនេះបានបញ្ជាក់ថាគេ «មានទំនុក ចិត្តថាទាហានអ៊ុយក្រែននឹងអាចទប់ទល់រុស្ស៊ីមិនឱ្យរុលកម្លាំង មកខាងមុខទៀតបានឡើយ»។ លោក Christopher Cavoli បានថ្លែងវាយតម្លៃថា “បើពិនិត្យឱ្យច្បាស់លាស់នោះ គឺពួករុស្ស៊ីមិន មានជំនាញនិងពួកគេគ្មានសមត្ថភាពអាចធ្វើកិច្ចការនោះបានឡើយ»។

ការវាយតម្លៃនេះ បានទន្ទឹមនឹងមានការរិះគន់ជាច្រើនដល់អ្នករៀបចំល្បិចសឹកប្រយុទ្ធ ពីព្រោះ ម្តងបានបញ្ជាឱ្យទាហានអ៊ុយក្រែនដកថយ និងម្តងបែរជារៀបចំកម្លាំងដើម្បីពង្រឹងការវាយ បកទៅលើរុស្ស៊ីទៅវិញ។ យុទ្ធសាស្ត្រដកថយ ហើយបានបញ្ជួនកម្លាំងមកវាយដណ្តើមយក ទឹកដីរបស់ខ្លួនឯងវិញនោះ ត្រូវទាហានអ៊ុយក្រែនខ្លះមានការងឿងឆ្ងល់ជាខ្លាំង និងពួកគេបាន និយាយថាតាមពិតគេបានដឹងជាមុននូវគំរោងរបស់រុស្ស៊ីដែលប្រមូលផ្តុំកម្លាំងច្រើនម៉ឺននាក់ តាមបណ្តោយព្រំដែននៅមុនការរៀបចំវាយលុកចូលក្នុងខេត្តខាគីវនោះ។

ខណៈសេចក្តីរាយការណ៍តាមបណ្តាញសង្គមដូចជាសេចក្តីរាយការណ៍របស់ DeepState Telegram ដែលពិនិត្យស្ថានការណ៍សឹកនៅលើសមរភូមិនិងបញ្ជាក់ថា ការវាយលុករបស់កងកម្លាំងរុស្ស៊ី បានចូលគ្រប់គ្រងទឹកដីក្នុងខេត្តខាគីវ បានប្រមាណ២៧៨គីឡូម៉ែត្រក្រឡារួច មកហើយគិតត្រឹមថ្ងៃទី១៥ឧសភានោះ, អ៊ុយក្រែនបានប្រញាប់និយាយបញ្ជាក់តបមកវិញ នៅថ្ងៃព្រហស្បតិ៍ទី១៦ឧសភាវិញថា គេកំពុងព្យាយាម "ធ្វើឱ្យមានស្ថិរភាព" ឡើងវិញក្នុង តំបន់ជួរមុខនៅក្នុងខេត្ត Kharkiv នោះ ។

ការវាយប្រហារអាចដណ្តើមយកទឹកដី២៧៨គីឡូ ម៉ែត្រក្រឡានៅក្នុងសមរភូមិថ្មីខេត្តខាគីវ នោះ ត្រូវគេចាត់ទុកថា ជាជោគជ័យមួយរបស់រុស្ស៊ី ក្នុងការប្រយុទ្ធលើសមរភូមិពីព្រោះចាប់ តាំងពីការបើកប្រតិបត្តិការសឹកវាយលុកឈ្លានពានដាក់លើអ៊ុយក្រែនតាំងពីថ្ងៃទី២៤កុម្ភៈឆ្នាំ ២០២២នោះមក, ការធ្វើប្រតិបត្តិការសឹកក្នុងរយៈតែ៥ថ្ងៃសោះ រុស្ស៊ី អាចចូលគ្រប់គ្រងទឹក ដីអ៊ុយក្រែនបានចំនួនច្រើនគួរឱ្យកត់សម្គាល់ជាលើកដំបូងនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងនៅក្នុងសប្តាហ៍នេះថា លោកបានបញ្ជួន កម្លាំងទាហានអ៊ុយក្រែនជាមួយនឹងការបំពាក់ដោយអាវុធទំនើបៗ ទៅកាន់តំបន់វាយប្រហារគ្នានៅតំបន់សមរភូមិខាគីវហើយ និងលោកថាពួកគេកំពុងតែកែប្រែសភាពការណ៍បានមកវិញបន្តិចម្តងៗ។ ការបញ្ជូនកងកម្លាំងទៅទប់ទល់នឹងទាហានរុស្ស៊ីនោះ គឺនៅបន្ទាប់ពីកងកម្លាំង យោធាអ៊ុយក្រែនប្រចាំការតាមព្រំដែន ត្រូវបានគេប្រាប់ឱ្យដកថយដើម្បីបញ្ចៀសការស្លាប់ មនុស្សពីព្រោះកម្លាំងអ៊ុយក្រែននៅទីនោះ មិនទាន់មានអាវុធគ្រប់គ្រាន់និងកម្លាំងគ្រប់គ្រាន់ ដើម្បីអាចទប់ទល់នឹងរុស្ស៊ីបានឡើយ។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ Christopher Cavoli, គ្រាប់រំសេវ និងគ្រឿង សព្វាវុធនៃជំនួយរបស់សហរដ្ឋអាមេរិកដូចជាប្រព័ន្ធអាវុធបាញ់រយៈចម្ងាយខ្លីសម្រាប់ការពារដែនអាកាស, អាវុធផ្សេងៗនានា និងរថក្រោះទើបតែត្រូវបានបញ្ជូនទៅកងកម្លាំងអ៊ុយក្រែន នៅតំបន់សមរភូមិខាគីវក្នុងពេលនេះតែប៉ុណ្ណោះ។

ការវាយលុករបស់រុស្ស៊ីចូលកាន់កាប់ភូមិរបស់អ៊ុយក្រែននាទិសខេត្តខាគីវក្នុងសប្តាហ៍នេះ
ទៀត បានទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងរដ្ឋធានីគៀវ ជាមួយការលើកទឹកចិត្តអ៊ុយក្រែនដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងការ
បញ្ជាក់នូវជំនួយសឹកតម្លៃ២ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃ កញ្ចប់ជំនួយយោធា៦១ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។ ជំនួយសឹកដែលបញ្ជួនមកឱ្យអ៊ុយក្រែនទាំងនោះ ត្រូវ គេរាយការណ៍ថានឹងមានបញ្ចូលនូវប្រព័ន្ធអាវុធចាំបាច់ទាំងឡាយដែលអ៊ុយក្រែនត្រូវការចំពោះមុខនេះ។
ប៉ុន្តែស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងព្រមាន ថា រុស្ស៊ីនឹងកម្ទេចចោលគ្រឿងសព្វាវុធនៃជំនួយរបស់សហរដ្ឋអាមេរិកផ្តល់មកឱ្យអ៊ុយក្រែននោះ។

ស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា«យើងនឹងធ្វើឱ្យពូកគេខកចិត្តដែលពួកគេបានព្យាយាមជួយសង្គ្រោះរបបដឹកនាំលោកហ្សេឡិនស្គី។ រាល់ឧបករណ៍សឹកទាំងឡាយដែលផ្គត់ ផ្គង់មកឱ្យអ៊ុយក្រែននឹងត្រូវបានកម្ទេចចោលឱ្យអស់»។
នៅលើសមរភូមិនោះវិញ ខណៈដែលឧបករណ៍សឹកកំពុងតែត្រូវបានដឹកជញ្ជួនទៅឱ្យយោធា អ៊ុយក្រែននោះ, កាសែត The Guardian បានសរសេរកត់សម្គាល់នូវសន្ទុះវាយលុកដ៏លឿន របស់រុស្ស៊ីនៅមុខព្រួញសមរភូមិខាគីវ។ កាសែត The Guardian បានសរសេរថាសន្ទុះវាយ ប្រហារចូលដណ្តើមគ្រប់គ្រងទឹក ដីបានចម្ងាយ៤ម៉ាយល៍ឬជាង៦គីឡូម៉ែត្រ នៅតាមចំណុច មួយចំនួនក្នុងរយៈពេលតែ៥ថ្ងៃ ក្នុងខេត្តខាគីវនោះ វាមិនមែនជារឿងធម្មតាទេ។ កាសែតនៅ បានសរសេរជុំវិញការដាក់សំណួរសួរថាហេតុអ្វីបានជាកងកម្លាំងអ៊ុយក្រែនត្រូវបានគេប្រាប់ ឱ្យធ្វើការដកថយក្នុង ពេលដែលដឹងថារុស្ស៊ីមានគម្រោងវាយលុកដណ្តើមយកទឹកដីក្នុង ខេត្តខាគីវ មុនការបើកយុទ្ធនាការវាយលុករបស់រុស្ស៊ីទៅហើយនោះ។

ទាហានអ៊ុយក្រែនម្នាក់បានប្រាប់កាសែត Telegraph នូវកំហឹងរបស់ខ្លួននៅពេលឃើញទា ហានរុស្ស៊ីឆ្លងដែនចូលមកទឹកដីខេត្តខាគីវមុនពេលរុស្ស៊ីបើកប្រតិបត្តិការវាយលុកថ្ងៃទី១០ ឧសភា។ ទាហាននោះនិយាយថាគេអាចវាយរុស្ស៊ីបានក្នុងពេលនោះដោយមិនឱ្យរុស្ស៊ីអាច បើកយុទ្ធនាការសឹកវាយលុកយកទឹកដីអ៊ុយក្រែនបានឡើយ។
ទាហានអ៊ុយក្រែននេះ បានប្រាប់កាសែត Telegraph ថា «យើងអាចមានលទ្ធភាពវាយបង្អាក់ គំរោងការណ៍របស់រុស្ស៊ីនោះវិញបានមុនពេលដែលពួកគេបើកប្រតិបត្តិការវាយលុកចូលមក ក្នុងខេត្តខាគីវ…ប៉ុន្តែយើងបែរជាមិនអាចធ្វើបានឡើយពីព្រោះយើងគ្មានការអនុញ្ញាតពីរដ្ឋាភិ បាលសហរដ្ឋអាមេរិក»។

ការបន្ទោសនាពេលនេះ បានសម្តៅមកលើសហរដ្ឋអាមេរិកដែលគេគិតថាជាភ្នែកនិងច្រមុះ និ ងជាខួរក្បាលគិតរបស់អ៊ុយក្រែននូវល្បិចយុទ្ធសាស្ត្រប្រយុទ្ធសម្រាប់តតាំងនឹងទាហានរុស្ស៊ី។
កាសែត The Guardian បានសរសេរដកស្រង់សម្តីអ្នកវិភាគមួយចំនួន នូវមូលហេតុដែលតម្រូវ ឱ្យកម្លាំងត្រូវដកថយមិនត្រូវទប់ទល់នឹងរុស្ស៊ីនោះ។ កាសែតបានសរសេរថា វាជាការធ្វើអត្ត ឃាតមួយសម្រាប់កម្លាំងអ៊ុយក្រែន បើទោះបីអ៊ុយក្រែនមានខ្សែការពារសំខាន់នៅតាមព្រំដែន ក៏ដោយ ពីព្រោះរុស្ស៊ីអាចបាញ់ដាក់មកលើកងកម្លាំងអ៊ុយក្រែននៅទីនោះ ដោយប្រើគ្រាប់កាំភ្លើងផ្លោង Artillery និងគ្រាប់បែកវាយប្រហារតាមអាកាស Glide Bombs ខណៈអ៊ុយក្រែន នៅ
ទីនោះមិនមានអាវុធដូចជា HIMARS តតាំងទប់ទល់ទៅវិញឡើយដោយសារតែអាវុធជំនួយ យោធាមិនទាន់បានបញ្ជួនដល់។

អ្នកវិភាគស្ថានការណ៍សឹកនៃវិទ្យាស្ថានសិក្សាសង្គ្រាមលោក Geroge Barros បានថ្លែងថា ជាលទ្ធផលនៃការដកថយនោះ កងកម្លាំងរុស្ស៊ីអាចប្រមូលផ្តុំគ្នាឆ្លងកាត់ព្រំដែនក្នុងចន្លោះ ដែលមានសុវត្ថិភាព បន្ទាប់មកពួកគេបានប្រមូលផ្តុំចូលទៅក្នុង “តំបន់ប្រផេះ” ដែលមាន ប្រជាជនអ៊ុយក្រែនរស់នៅ។ សេចក្តីរាយការណ៍បានបង្ហាញនូវការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន និងភាពខ្ទេចខ្ទាំនៃទីលំនៅនានាដោយសារតែការប្រយុទ្ធ និងការបាញ់មីស៊ីរបស់​រុស្ស៊ីតាមផ្លូវអាកាស ជាពិសេសក្នុងតំបន់Vovchansk ក្បែរព្រំដែនរុស្ស៊ី។

ប្រធានប៉ូលីសអ៊ុយក្រែនក្នុងតំបន់Vovchansk គឺលោក Oleksiy Kharkivsky បានថ្លែងនៅថ្ងៃ ទី១៥ឧសភាថា ស្ថានការណ៍នៅក្នុងតំបន់ Vovchansk មានភាពលំបាកយ៉ាងខ្លាំងក្លា។ លោក ថា ទាហានរុស្ស៊ីបានចូលកាន់កាប់ទីតាំងនានាតាមថ្នល់ក្នុងទីក្រុង Vovchansk។ ប្រធានប៉ូ លីសនោះបាននិយាយថា គិតត្រឹមថ្ងៃទី១៥ឧសភាដែលលោកកំពុងនិយាយនេះគឺ ប៉ូលីសអ៊ុយ ក្រែនក្នុងតំបន់ កំពុងតែបន្តធ្វើការរបស់ខ្លួននៅឡើយទេ បើទោះបីជាមានការវាយប្រហារដាក់ គ្នាខ្លាំងក្លាយ៉ាងណាក៏ដោយ។

សេចក្តីរាយការណ៍ថ្ងៃទី១៧ឧសភាបានរាយការណ៍ថា អ៊ុយក្រែន​ចោទ​រុស្ស៊ី​ថា​បាន​ចាប់​និង​សម្លាប់​ជន​ស៊ីវិល​នៅ​ទីក្រុង​ Vovchansk និង​បាន​ទុក​មនុស្ស​ប្រហែល៣៥ទៅ៤០នាក់​សម្រាប់ធ្វើជា​ខែល​។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Igor Klymenko បាននិយាយថា ក្រុមទាហានរុស្ស៊ីបាន ព្យាយាមវាយដណ្តើមយកទីតាំងឈរជើងនៅក្នុងទីក្រុង Vovchansk និងពួកគេមិនបានអនុ ញ្ញាតឱ្យអ្នកស្រុកនៅទីនោះជម្លៀសខ្លួនចេញបានឡើយ ។ លោកថ្លែងថាពួករុស្ស៊ី «បានចាប់ ពង្រត់មនុស្សហើយបង្ខំឱ្យពួកគេ​ទៅរស់នៅ​បន្ទប់​ក្រោមដី Basements​»។

បើតាមប្រធាននាយកដ្ឋានស៊ើបអង្កេតប៉ូលីសនៃតំបន់ Kharkiv លោក Sergiy Bolvinov បាន និយាយថា "រុស្ស៊ីបានយកពលរដ្ឋអ៊ុយក្រែនទាំងនោះដាក់ក្នុង​កន្លែងតែមួយ ដែលលោកថា តាមពិត គឺរុស្ស៊ីចង់ប្រើជីវិតពលរដ្ឋអ៊ុយក្រែនទាំងឡាយនោះធ្វើជាខែល ដោយសារបញ្ជាការដ្ឋានរបស់រុស្ស៊ី ក៏ស្ថិតជិតក្បែរកន្លែងនោះដែរ។ រដ្ឋាភិបាលម៉ូស្គូ មិនទាន់មានការឆ្លើយតប ភ្លាមៗចំពោះសម្តីចោទប្រកាន់របស់អ៊ុយក្រែននេះឡើយ។

នៅជាមួយគ្នានេះផងដែរ គ្រាដែលសមរភូមិខាគីវកំពុងក្លាយជាចំណុចក្តៅគគុកនោះ, ប្រធានាធិបតីហ្សេ ឡិនស្គី បានលុបចោលការទទួលភ្ញៀវបរទេសមកពីខាងក្រៅទាំងអស់ និងថែមទាំង លុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេស្ប៉ាញផងដែរ។ លោកហ្សេឡិនស្គីត្រូវ​គេឃើញថា នៅចំពោះមុខនេះ លោកបានយកចិត្តទុកដាក់ជាខ្លាំងនូវ ការរកល្បិចវាយបណ្តេញរុញច្រានកងកម្លាំងរុស្ស៊ី ដើម្បីឱ្យចេញពីភូមិក្នុងតំបន់ខាគីវនោះ វិញ។

សេចក្តីរាយការណ៍២៤ម៉ោងចុងក្រោយនេះ បានបង្ហាញថា លោកVolodymyr Zelenskiy បាន ជួបមេដឹកនាំយោធានានានៅក្នុងក្រុង Kharkiv ហើយលោកបាននិយាយប្រាប់ពួកគេ និងលើកទឹកចិត្តថា ទោះបីជាមានការវាយលុករបស់រុស្ស៊ីក៏ពិតមែន ប៉ុន្តែ"ស្ថានភាពនៅក្នុងតំបន់ Kharkiv ជាទូទៅគឺស្ថិតនៅក្រោមការគ្រប់គ្រង ហើយទាហានអ៊ុយក្រែននិងលោកថា ទាហាន អ៊ុយក្រែនកំពុងតែវាយបកដាក់ទៅលើកងទ័ពរុស្ស៊ីវិញ ដោយធ្វើឱ្យកម្លាំងសត្រូវរងការខូចខាតជាខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ហ្សេឡិន ស្គី បានថ្លែងទទួលស្គាល់ថា តំបន់​នៅក្នុងខេត្តខាគីវនេះ ​នៅ​មានភាព​ពិបាក​ខ្លាំង​ណាស់ ហើយលោកនិយាយថា ពេលនេះគេកំពុង​ពង្រឹង​អង្គភាព​ជាមុនសិន។
សេចក្តីរាយការណ៍ចុងក្រោយពីលើសមរភូមិបានឱ្យដឹងថា កម្លាំងបញ្ជួនជំនួយរបស់អ៊ុយក្រែន ពេលនេះកំពុងទប់ស្កាត់ការវាយរុលទៅមុខរបស់រុស្ស៊ីហើយ បើទោះបីជារុស្ស៊ីនិយាយថាគេ នៅមានកម្លាំងគ្រប់គ្រាន់សម្រាប់ការវាយប្រហាររុលទៅមុខថែមទៀត ជាពិសេសការវាយយកក្រុង Vovchansk ដើម្បីប្រើប្រាស់ជាទីតាំងឈរជើងរបស់ខ្លួន សម្រាប់ទប់ទល់នឹងការវាយលុករ​បស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែអ៊ុយក្រែនជាមួយគ្នានេះ ក៏បានប្តេជ្ញានឹងមិនឱ្យរុស្ស៊ីបាន សម្រេចបំណងរបស់ខ្លួនឡើយ។ តើអនាគតក្រុង Vovchansk នឹងដូចក្រុងបាក់មុត និង ក្រុង Adiivka ដែរឬយ៉ាងណា, គេនឹងរង់ចាំមើលលទ្ធផលក្នុងពេលខាងមុខនេះទៀត៕