(ស្លូវ៉ាគី)៖ ជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ ចំពោះមុខតុលាការព្រហ្មទណ្ឌ ដែលនឹងសម្រេចថាតើត្រូវឃុំខ្លួនជនសង្ស័យរូបនេះ ដើម្បីរង់ចាំសវនាការកាត់ទោសដែរឬក៏យ៉ាងណា? នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បុរសជាជនសង្ស័យត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគី បញ្ជាក់ថាមានឈ្មោះថា Juraj Cintula អាយុ៧១ឆ្នាំ និងកវីម្នាក់។ ជនសង្ស័យរូបនេះបានបាញ់ចំនួន ៥គ្រាប់សំដៅទៅលោក Fico កាលពីថ្ងៃពុធកន្លងទៅនេះ និងបណ្ដាលឱ្យលោករងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើង៤គ្រាប់។ ការប៉ុនប៉ងធ្វើឃាតនេះ កើតឡើង ខណៈលោក Fico កំពុងដើរតម្រង់ទៅរកអ្នកគាំទ្រ ក្រោយបានចូលរួមកិច្ចប្រជុំរដ្ឋាភិបាលមួយក្នុងទីក្រុង Handlova ស្ថិតនៅភាគកណ្ដាលនៃ ប្រទេសស្លូវ៉ាគី។

លោក Fico ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ និងទទួលការវះកាត់រយៈពេលជាង៥ម៉ោង ហើយស្ថានភាពរបស់លោកមានភាពនឹងនរ តែនៅតែ មានសភាពធ្ងន់ធ្ងរក្នុងបន្ទប់សង្រ្គោះបន្ទាន់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ហេតុផលនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក Fico នៅឡើយទេ។ លោក Fico បានជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីស្លូវ៉ាគី កាលពីឆ្នាំ២០២៣ ហើយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោកបានបង្ហាញទំនោរគាំទ្ររុស្ស៉ី និងជំទាស់ការផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន។ លោក Fico ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្លូវ៉ាគីពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨៕