(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ម៉ុលដាវីបានចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ និងការពារជាតិជាមួយសហហភាពអឺរ៉ុប (EU) ហើយគឺជាប្រទេសដំបូងគេ ដែលឯកភាពលើកិច្ចព្រមព្រៀងបែបនេះជាមួយប្លុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤។

លោក Borrell បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ភាពជាដៃគូនេះ នឹងផ្តល់ភាពធន់សម្រាប់ម៉ុលដាវី ហើយអនុញ្ញាតឱ្យពួកយើង រួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ធ្វើឱ្យការចូលរួមរបស់យើងកាន់តែមានប្រសិទ្ធភាព និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត»។ នាយករដ្ឋមន្រ្តីម៉ុលដាវី លោក Dorin Recean ក៏បានបង្ហោះសារលើបណ្តាញសង្គម X ផងដែរថា «ផែនការក្លាយជាសមាជិករបស់ EU នឹងក្លាយជាយន្តការដ៏ល្អបំផុតដើម្បីធានាសន្តិភាព និងស្ថិរភាពសម្រាប់ពលរដ្ឋម៉ុលដាវី។ រីឯ ការចុះហត្ថលេខាលើភាពជាដៃគូសន្តិសុខ និងការពារជាតិ EU-ម៉ុលដាវី នាពេលនេះ គឺជាជំហានមួយឆ្ពោះទៅមុខ ដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងវិបុលភាពរបស់យើង»

គួរបញ្ជាក់ថា ម៉ុលដាវី បានទទួលឯករាជ្យពីអតីតសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ហើយទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងមូស្គូ កាន់តែយ៉ាប់យ៉ឺនទៅអំឡុងពេលដែលរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ តាមផែនការភាពជាដៃគូចំនួន ២៨ចំណុចនោះ នឹងផ្តោតលើបរិយាកាសសន្តិសុខដែលកាន់តែមានភាពប្រកួតប្រជែង ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ហើយអំពាវនាវឱ្យមានការពិគ្រោះយោបល់ក្នុងវិស័យដ៏ធំទូលាយមួយ រួមមានការគំរាមកំហែងផ្នែកបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានមិនពិត ការប្រឆាំងភេរវកម្ម ពង្រឹងសន្តិសុខ ស្ថិរភាព និងភាពធន់របស់ម៉ុលដាវីក្នុងវិស័យការពារជាតិ៕