(ឡុងដ៍)៖ នៅថ្ងៃពុធនេះ ប្រទេសអឺរ៉ុបចំនួន៣ រួមមានន័រវែស អេស៉្បាញ និងអៀរឡង់ បានប្រកាសថា ពួកគេបានសម្រេចចិត្តទទួលស្គាល់ ប៉ាឡេស្ទីនជាប្រទេសមួយ ហើយរំពឹងថា ប្រទេសដទៃទៀតនឹងចូលរួមធ្វើបែបនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តីអៀរឡង់ លោក Simon Harris បាននិយាយយ៉ាងដូច្នេះថា «ថ្ងៃនេះ អៀរឡង់ ន័រវែស និងអេស៉្បាញ នាំគ្នាប្រកាសថា ពួកយើងទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន។ ដូច្នេះហើយនាពេលនេះ ពួកយើងរៀងៗខ្លួននឹងចាប់ផ្តើម ចាត់វិធានការជាតិដែលចាំបាច់ ដើម្បីផ្តល់​ប្រសិទ្ធភាពដល់ការសម្រេចចិត្តនេះ។ ខ្ញុំក៏មានភាពជឿជាក់ផងដែរថា ប្រទេសផ្សេងទៀតនឹងចូលរួមជាមួយពួកយើង ក្នុងការបោះជំហាន​ដ៏សំខាន់នេះ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ»។ មេដឹកនាំអេស៉្បាញនិងន័រវែស ក៏បានចេញសេចក្តីប្រកាសដាច់ដោយឡែក អំពីរឿងនេះផងដែរ ដោយរដ្ឋាភិបាលប្រទេសទាំងពីរ គ្រោងអនុម័តការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន នៅត្រឹមថ្ងៃទី២៨ ខែឧសភា។

គួរបញ្ជាក់ថា មុនសេចក្តីប្រកាសរបស់ប្រទេសអឺរ៉ុបទាំង៣ខាងលើ រដ្ឋសរុបចំនួន១៤៣ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ នៅក្នុង​អង្គការសហប្រជាជាតិ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ក្រុមប្រទេសនៅអឺរ៉ុប បានប្រកាន់ជំហរផ្សេងៗគ្នាជុំវិញបញ្ហានេះ ដោយប្រទេសខ្លះ​ដូចជាស៊ុយអែតជាដើម បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន តាំងតែពីជាង១ទសវត្សរ៍មុនមកម្ល៉េះ ខណៈបារាំងមិនមានគោលដៅធ្វើបែបនោះ​ឡើយ។ ការទទួលស្គាល់នេះ កើតមានឡើង ស្របពេលដែលសង្រ្គាមដ៏បង្ហូរឈាម កំពុងតែបន្តនៅដែនដីប៉ាឡេស្ទីន Gaza Strip រវាងប្រទេស​អ៉ីស្រាអែល និងក្រុមហាម៉ាស៕