(ហ៊្សេរុយសាឡិម)៖ ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានចេញបញ្ជាបន្ទាន់ឱ្យឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅប្រទេសអៀរឡង់និងន័រវែស ត្រឡប់មកកាន់អ៉ីស្រាអែលវិញ ជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់ប្រទេសទាំងពីរ ដែលទទួលស្គាល់ឯករាជ្យភាពរបស់ប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz និយាយថា ការសម្រេចទទួលស្គាល់ប៉ាឡេស្ទីនជាប្រទេសមួយ គឺស្មើនឹងមិនទទួលស្គាល់ សិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរំដោះចំណាប់ខ្មាំងទាំង ១២៨នាក់ ដែលក្រុមហាម៉ាសកំពុងឃុំខ្លួននៅតំបន់ហ្កាហ្សា។ លោក Katz បានគូសបញ្ជាក់ថា «អ៉ីស្រាអែលនឹងមិននៅស្ងៀមឡើយ។ យើងប្តេជ្ញាសម្រេចគោលដៅឱ្យបាន ដោយស្ដារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ កម្ចាត់ក្រុមហាម៉ាស និងនាំចំណាប់ខ្មាំងត្រលប់មកវិញ»

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ប្រទេសអឺរ៉ុបចំនួន៣ រួមមានន័រវែស អេស៉្បាញ និងអៀរឡង់ បានប្រកាសទទួលស្គាល់ ប៉ាឡេស្ទីនជាប្រទេសមួយ ហើយរំពឹងថា ប្រទេសដទៃទៀតនឹងចូលរួមធ្វើបែបនេះដូចគ្នា៕