(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតធ្លាប់បានហៅស្ថានីយ៍ទូរទស្សន៍ CNN ថាជាបណ្ដាញសារព័ត៌មាន គ្លីនតុន (Clinton News Network) និងថែមទំាងបានចាត់ទុកថាកាសែត News York Times ជាសារព័ត៌មានទុច្ចរិត ដែលចេះតែសរសេរពីរឿងល្អៗឬគំាទ្រ លោកស្រី គ្លីនតុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន NDTV ដែលត្រូវបានដកស្រង់ឡើងវិញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែសីហា នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «អ្នកមើល CNN ចុះ! វាគួរតែត្រូវបានហៅថាជាបណ្ដាញព័ត៌មាន គ្លីនតុន (Clinton News Network) ព្រោះថាពួកគេចូលចិត្តសរសេរតែពីរឿងល្អៗរបស់ ហ៊ីលឡារី គ្លីនតុន ខណៈ New York Times ក៏ដូចគ្នាដែលជាកាសែតទុច្ចរិតមិនស្មោះត្រង់ ដែលមានភាពលំអៀងពោលគឺថាចូលចិត្តសរសេរអាក្រក់ពីខ្ញុំហើយបើទោះជារឿងនោះវិជ្ជមានក៏ដោយ ក៏ពួកគេនៅតែប្រើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យរឿងនោះក្លាយទៅជារឿងអវិជ្ជមានដែរ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់និយាយបែបចំអកផងដែរថា កាសែត New York Times នឹងមិនអាចបន្តការងាររបស់ខ្លួន បានច្រើនជាងពីរឬទៅបីឆ្នាំ ខាងមុខទៀតទេ ត្បិតចំនួនអ្នកអានធ្លាក់ចុះ ហើយនឹងត្រូវក្ស័យធនថែមទៀត៕