(​វ៉ាស៊ីន​តោន)៖ តុលាការកំពូលអាមេរិកបានលុបចោលសាលក្រមសម្រេច ដែលតម្រូវឱ្យក្រុមហ៊ុន Samsung សងថ្លៃខូតខាត ៣៩៩លានដុល្លារដល់ក្រុមហ៊ុន Apple​ សម្រាប់ការរំលោភលើប័ណ្ណប៉ាតង់​នៃការរចនាទូរសព្ទដៃស្មាតហ្វូនរបស់ខ្លួន ហើយដែលជ័យជម្នះនេះអាចនឹងអនុញ្ញាតឱ្យក្រុមហ៊ុន​កូរ៉េខាងត្បូងទទួលបានប្រាក់ ធ្លាប់បង់ពិន័យមកវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។​

កាលពីឆ្នាំ២០១២ ចៅក្រមរដ្ឋកាលីហ្វ័រញ៉ាម្នាក់ បានសម្រេចក្ដីឱ្យក្រុមហ៊ុន Samsung បង់ប្រាក់ ៣៩៩លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុន Apple​ ក្នុងសង្រ្គាមប័ណ្ណប៉ាតង់ រវាងក្រុមហ៊ុនទាំងពីរហើយរហូត​ដល់ខែធ្នូ ឆ្នាំ២០១៥ ទើបក្រុមហ៊ុន Samsung​ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូលអាមេរិក ដែលបានសម្រេចលុបចោល សាលក្រមកាលពីលើកមុន នៅថ្ងៃអង្គារម្សិលមិញដោយវិនិច្ឆ័យថាក្រុមហ៊ុន Samsung មិនអាចត្រូវបានផ្ដន្ទាទោស​តាមរយៈការជួសជុលការខូតខាត​ដល់ក្រុមហ៊ុន Apple ដោយសារ​រឿងរំលោភប័ណ្ណប៉ាតង់នោះទេ។

ជាមួយគ្នានោះដែរតុលាការ​កំពូលអាមេរិកក៏មិនបានប្រកាសដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ លួចចម្លង ឬប្រើប្រាស់បច្ចេកវិទ្យាក្រុមហ៊ុន Apple​ នោះឡើយ។ គួរបញ្ជាក់ថារឿងក្ដីក្ដាំរំលោភលើ​ប័ណ្ណប៉ាតង់រវាងក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple គឺមានជាប់ពាក់ព័ន្ធនឹងការលួចចម្លង​បច្ចេកវិទ្យាអេក្រង់ចតុកោណ ជាមួយគែមរាងមូល និងក្រឡាចត្រង្គនៅលើអេក្រង់ពណ៌ខ្មៅ៕