(ដាម៉ាស)៖ មនុស្សជាង៨០០នាក់បានបាត់បង់ជីវិត និងប្រមាណ៣៥០០នាក់ផ្សេងទៀត បានទទួលរងបួសនៅក្នុងការប្រយុទ្ធគ្នា នៅភាគខាងកើតទីក្រុងអាឡេប៉ូ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម អំឡុងពេល២៦ថ្ងៃចុងក្រោយនេះ ខណៈប្រជាជនស៊ីវិលរាប់ម៉ឺននាក់ បានបន្តជាប់នៅក្នុងតំបន់នោះទៅណាមិនរួច រង់ចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ។ នេះបើតាមប្រធានក្រុមប្រឹក្សាប្រចាំក្រុង អាឡេប៉ូ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបជាមួយអ្នកតំណាង UN ប្រចាំប្រទេសស៊ិរី គឺលោក Staffan de Mistura កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Brita Haji Hassan បានលើកឡើងថា «នៅពេលនេះមនុស្សចំនួន១៥០,០០០នាក់ កំពុងប្រឈមនឹងការ គំរាមកំហែងនៃសេចក្តីស្លាប់... ដូច្នេះពួកយើងសូមអំពាវនាវឲ្យមានការផ្អាកទម្លាក់គ្រាប់បែក ហើយធានាផ្តល់ច្រកផ្លូវសុវត្ថិភាពសម្រាប់អ្នកនាក់ទាំងអស់នោះផង»។
លោក Tawfik Chamma អ្នកតំណាងអង្គការសង្រ្គោះថ្នាំពេទ្យនៅស៊ីរី បានឲ្យដឹងដែរថា មនុស្សចំនួន១,៥០០នាក់ទាមទារឲ្យ មានការជម្លៀសខ្លួនបែប វេជ្ជសាស្រ្តជាបន្ទាន់ ប៉ុន្តែការជម្លៀសខ្លួនណាមួយចាំបាច់ត្រូវអមដោយអ្នកឃ្លាំមើលអន្តរជាតិ ដើម្បីធានាការពារសុវត្ថិភាពរបស់ពួកគេ នៅតាមផ្លូវធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា ទីក្រុងអាឡេប៉ូ បានក្លាយជាសមរភូមិប្រយុទ្ធដ៏សាហាវ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ រវាងក្រុមឧទ្ទាមស៊ីរី និងកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានការគាំទ្រដោយការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំងរុស្ស៊ី កងជីវពលហេសប៊ូលឡា អ៊ីរ៉ង់ និងកងជីវពលស៊ីអ៊ីត។
ដោយឡែកបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និងប្រភពពីយោធាស៊ីរីកងកម្លំាងរដ្ឋាភិបាលរបស់លោក អាស្សាដ បានដណ្ដើមសង្កាត់ទំាងអស់នៃទីក្រុង អាឡេប៉ូ ខណៈក្រុមឧទ្ទាមបានរត់ភៀសខ្លួនឆ្ពោះ ទៅកាន់ភាគខាងត្បូង។ ដោយឡែកបើយោងតាមអង្គការសហប្រជាជាតិ ចាប់តាំងតែពីសង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១មក មនុស្សយ៉ាងហោចណាស់៣០០,០០០នាក់បានស្លាប់ និងច្រើនជាង២.៣លាននាក់ផ្សេងទៀត បានក្លាយជាជនភៀសខ្លួន៕