(ប៉ារីស)៖ បុរសយ៉ាងហោចណាស់៣នាក់ ត្រូវបានចាប់ខ្លួន និងសួរចម្លើយ ដោយទីភ្នាក់ប្រឆាំងភេរវកម្មបារំាង នៅថ្ងៃអង្គារនេះ ក្រោមបទសង្ស័យថាមាន បំណងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ឬក៏កំពុងរៀបចំគម្រោងវាយប្រហារ ភេរវកម្មនៅលើទឹកដីបារាំង។ នេះបើតាមប្រភពពីអាជ្ញាធរប៉ូលិស ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹងដែរថា ទីភ្នាក់ងារស៊ើបការសម្ងាត់បារាំងបានចាប់ខ្លួនបុរសទាំង៣នាក់ នៅតាមតំបន់ ដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុង Clermont -Ferrand, ទីក្រុង Marseille និងនៅទីក្រុង Paris។ «ជនសង្ស័យ៣នាក់ ត្រូវអាជ្ញាធរបារំាងចាប់ខ្លួន នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតចាប់ផ្ដើមតាំងតែ ពីខែមករា លើករណីសង័្សយជុំវិញ ការចាកចេញទៅកាន់ប្រទេសស៊ីរី ឬក៏កំពុងរៀបចំគំរោងវាយប្រហារភេរវកម្ម នៅក្នុងប្រទេសបារំាង»។ នេះបើតាមប្រភពពី អាជ្ញាធរប៉ូលិស៕