(​វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បាននិយាយ​ទូរស័ព្ទជាមួយ​មន្ត្រីការទូត​ជាន់ចិន​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ដោយលោកបានទទួល ស្គាល់សារៈសំខាន់​នៃទំនាក់ទំនង​ក្នុងលក្ខណៈ​ស្ថាបនា​រវាង​សហរដ្ឋអាមេរិន និងចិន ហើយថែម​ទំាងអះអាង​ថា ភាគីទំាងពីរ​បានព្រមព្រៀងគ្នា​លើភាព​ចាំបាច់ ក្នុងការ​ដោះសា្រយ​រាល់ការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង។ នេះបើតាម​ក្រសួង​ការបរទេស​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក លោក ធីល្លឺសុន និងទីប្រឹក្សា​រដ្ឋចិន លោក យ៉ាង ជីឈី (Yang Jiechi) ក៏បានភាក្សា​គ្នាផងដែរ​លើ​ប្រធានបទ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និងឧក្រិដ្ឋកម្ម​ឆ្លងដែន។ សេចក្ដីថ្លែងការណ៍​ដដែល​បានឱ្យដឹង​ដូច្នេះថា «លោក ធីល្លឺសុន និងលោក យ៉ាង ជីឈី បានទទួល​ស្គាល់ពី​សារៈសំខាន់​នៃទំនាក់ទំនង​ទ្វេភាគីក្នុងលក្ខណៈ​ស្ថាបនា​រវាងប្រទេស​ទាំងពីរ ព្រមទំាង​បានព្រមព្រៀង គ្នាលើភាព​ចាំបាច់​ក្នុងការដោះសា្រយ​រាល់ការ​គំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង​ ដើម្បីរក្សា​សន្តិភាព​ និងស្ថេរភាព​នៅក្នុងតំបន់»។

គួររំលឹកថា​កាលពី​ខែធ្នូកន្លង​ទៅ លោក ដូណាល់ ត្រាំ បានធ្វើឱ្យ​ចិនខឹងសម្បារ​យ៉ាងខ្លំាង​បន្ទាប់ពី​លេចលឺ​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ហើយនៅពេល​នោះដែរ លោកត្រាំ បានរិះគន់​ទីក្រុងប៉េកាំង ក៏ដូចជា​ព្រមានឈប់​ទទួលស្គាល់គោល​នយោបាយចិន​តែមួយ និងបាន​ចោទ​ចិនថា​មិនបានធ្វើអ្វីជាដុំកំភួនដើម្បីដាក់​សម្ពាធលើ​កូរ៉េខាងជើង ឱ្យឈប់បង្ក​រឿងនោះទេ។ ទោះបីជា​យ៉ាងណា​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និងចិន​ហាក់ដូច​ជាប្រសើរឡើងវិញ​ក្រោយលោក ដូណាល់ ត្រាំ ទទួលស្គាល់​គោលនយោបាយ​ចិនតែមួយ នៅអំឡុង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយប្រធានាធិបតី​ចិនលោក ហ្ស៊ី ជីនពីង កាលពី​សប្ដាហ៍មុន ខណៈនៅមាន​រឿងជាច្រើន​ដែលមហាអំណាច​ទំាងពីរ​ត្រូវការពារ​ផលប្រយោជន៍​រៀងៗខ្លួន ដូចជាជម្លោះ​នៅសមុទ្រចិនខាង​ត្បូង​ជាដើម៕