(សេអ៊ូល)៖ កូរ៉េខាងត្បូង​នៅថ្ងៃសុក្រនេះ​បានអំពាវនាវយ៉ាងទទូច​ដល់កូរ៉េខាងជើងឲ្យទទួល​ស្គាល់ថា រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​គឺជាអ្នក​នៅ​ពីក្រោយ​ខ្នង ​នៃ​ការលួចធ្វើ​ឃាត​លើ​លោក គីម ជុងណាំ ដែល​ត្រូវ​ជាបងប្រុសមេដឹនាំ​របស់ខ្លួន ហើយសហការ​ជាមួយ​ការស៊ើប​អង្កេត​​របស់​អាជ្ញាធរ​ម៉ាឡេស៊ីជុំវិញករណី​ឃាតកម្ម​នេះទៅ។ នេះបើ​តាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​​បន្តិច​នារសៀល​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងការឆ្លើយតប​ជាផ្លូវការ​របស់ខ្លួន​ទៅនឹង​ការស្លាប់​របស់​លោក គីម ជុងណាំ ប្រទេស​កូរ៉េខាងជើង​បានថ្កោលទោស​ម៉ាឡេស៊ី​ថា​បាន​ឃុប​ឃិតគ្នា​ជាមួយកូរ៉េខាងត្បូង​នៅក្នុងការស៊ើបអង្កេត​ទៅលើករណី​ឃាតកម្មនេះ និងបានចោទ​ប្រកាន់រដ្ឋាភិបាល​ទីក្រុងសេអ៊ូលថា​បានឆ្លៀត​​ឱកាស​កេងចំណេញ​យកផលប្រយោជន៍​ពីហេតុការណ៍នេះ ដើម្បីប្រឆាំងនឹង​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។

ដោយឡែក​នាពេលនេះ​អ្នក​នាំពាក្យ​ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង​លោក Jeong Joon-Hee បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​​មួយថា «យល់ល្អ​កូរ៉េខាងជើង​គួរតែ​ទទួលសារភាព​ ពីអំពើ​ឃាតកម្ម​របស់ខ្លួន​ទៅលើ​លោក គីម ជុងណាំ ហើយ​ចូលខ្លួន​សហការ​ជាមួយការ​​ស៊ើបអង្កេត​របស់អាជ្ញាធរ​ម៉ាឡេស៊ី​ទៅ។ ផ្ទុយទៅវិញ​មុខមាត់​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នៅក្នុងឆាក​អន្តរជាតិ​ និងកាន់តែ​ធ្លាក់​ចុះ​​ដុន​ដាប​​អាក្រក់​ថែមទៀត បើសិនជា​នៅតែបន្តរឹង​ទទឹង​ដោយប្រកែក​មិនទទួល​ស្គាល់​ការពិត»។

គួរបញ្ជាក់ថា​យោងតាម​អាជ្ញាធរ​ម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានគេ​លួចធ្វើឃាត​ដោយអាកាសយានដ្ឋាន​អន្តរជាតិគូឡាឡាំពួរ​​ នៃ​ប្រទេស​ម៉ាឡេស៊ី​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ​ដោយសារធាតុគីមី​ពុលម្យ៉ាងមាន​ឈ្មោះថា VX ដែលជាអាវុធ​គីមី ខណៈ​​ជន​ជាតិ​កូរ៉េខាងជើង​ចំនួន០៨នាក់​កំពុងស្ថិត​ក្រោមការ​សង្ស័យថា​ មានជាប់ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​ទៅលើ​លោក គីម រួមជា​មួយស្រ្តី​ពីរ​​នាក់​ផ្សេង​​ទៀត​ ដែលកំពុង​ស្ថិតក្នុង​ការឃុំខ្លួន​របស់​ប៉ូលិស​ម៉ាឡេស៊ី​៕