(វ៉ាស៊ីនតោន)៖ ករណីឃាតកម្ម​នាពេលថ្មីៗនេះ​ទៅលើ​លោក គីម ជុងណាំ ដែលត្រូវ​ជាបងប្រុសម្តាយ​ទីទៃ​របស់មេដឹកនាំ​កូរ៉េខាងជើង បាន​ជះ​ភាពស្រពិច​ស្រពិល​បន្ថែមទៀតទៅ​លើលទ្ធភាព​នៃការបើក​កិច្ចចរចា​ជាមួយទីក្រុង​ព្យុងយ៉ាង ហើយនឹង​អាចជំរុញ​សហគមន៍​អន្តរជាតិ​រួមទាំង​ចិន​ផងដែរ​រួមគ្នាដាក់​សម្ពាធកាន់តែ​ខ្លាំងជាងមុខ​ទៅលើ​របបដឹកនាំ​មួយនេះ។ នេះបើតាម​សម្តីរបស់​អ្នកជំនាញ​អាមេរិក ដែលត្រូវ​បានដកស្រង់​​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Harry Krejsa អ្នកស្រាវជ្រាវ​មួយរូបនៃ​មជ្ឈមណ្ឌល​ដើម្បីសន្តិសុខ​ថ្មីអាមេរិក (CNAS) បានថ្លែងថា «ការស្លាប់​របស់លោក គីម ជុងណាំ មិនត្រឹមតែ​ការផ្លាស់ប្តូរ​ដ៏ធំមួយ​នៃល្បែងភូមិសាស្រ្ត​នយោបាយ​នោះឡើយ ប៉ុន្តែវា​ក៏ជាកត្តា​ដ៏សំខាន់​មួយផ្សេង​ទៀត ​ដែល​ធ្វើ​ឲ្យឱកាស​នៃ​បើក​កិច្ចចរចា​ការទូត​​ជាមួយ​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​រលាយសាបសូន្យ​ទៅវិញ​ផងដែរ»។ លោក Krejsa បានបន្ថែម​ទៀតថា «ទង្វើដ៏​សាហាវ​ឃោរឃៅ​បែបនេះ​របស់​កូរ៉េខាងជើង មិនអាច​កែប្រែអ្វី​បានក្រៅពី​ជំរុញបន្ថែម​សហគមន៍​អន្តរជាតិ ព្រមទាំងចិន​ដែលជា​សម្ព័ន្ធមិត្ត​តែមួយ​គត់​របស់ប្រទេស​ដ៏ឯកកោ​មួយនេះ រួបរួមសាមគ្គីគ្នា​ដើម្បីបង្កើតគំរោង​ដាក់សម្ពាធ​កាន់តែខ្លាំងក្លា​ជាងមុន​ទៅទៀត​លើរបបដឹកនាំ​របស់​កូរ៉េខាង​ជើង​»

គួរបញ្ជាក់ថា​យោង​តាមអាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី លោក គីម ជុងណាំ ដែលត្រូវ​ជាកូនប្រុសច្បង​របស់អតីតមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ីល បានបាត់បង់​ជីវិតកាលពី​ថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួរ បន្ទាប់ពី​ត្រូវបានស្រ្តី​ជនជាតិ​អាស៊ី​​ពីរនាក់​លួចបំពុល​ដោយសារធាតុគីមី​ម្យ៉ាង​ឈ្មោះថា VX។ ជាមួយគ្នា​នេះប៉ូលិស​ម៉ាឡេស៊ី​បានកំណត់​ជនជាតិ​កូរ៉េខាងជើង​​ចំនួន​០៨នាក់ ដោយ​រួម​បញ្ចូល​ទាំងមន្រ្តីទូត​ម្នាក់ផងដែរ​ថា​ជាជនសង្ស័យ​ក្នុងករណី​ឃាតកម្មនេះ ទោះបីជា​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានបដិសេធថា​​ខ្លួន​មិនមាន​ជាប់ពាក់ព័ន្ធ​ក្នុងរឿងនេះ​ឡើយ​ក៏ដោយ៕