(បាងកក)៖ អតីតមន្រ្តីផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្តម្នាក់ប្រចាំនៅព្រះរាជវាំងថៃ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល០៥ឆ្នាំ និង០៦ខែ ដោយសារតែថ្លើមធំហ៊ានប្រមាថមើលងាយលើលទ្ធិរាជាធិបតេយ្យ និងបទចោទប្រកាន់មួយចំនួនផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
លោក Sutin Sappuang មេបញ្ជាការប៉ូលិសនៃអគ្គភាពបង្រ្កាបបទល្មើសបានឲ្យដឹងថា អតីតមន្រ្តីប្រចាំរាជវាំង លោក Chitpong Thongkum បានសារភាពទោសចំពោះបទបរិហារកេរ្តិ៍ព្រះរាជវង្ស ព្រមទាំងបទចោទប្រកាន់ចំនួនបួនផ្សេងទៀតនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដោយតុលាការយោធា។ យោងតាមលោក Sutin ការវិនិច្ឆ័យទោសរបស់លោក Chitpong ត្រូវបានបន្ធូរបន្ថយពាក់កណ្តាលពីរយៈពេល១១ឆ្នាំ ដោយសារតែការសារភាពកំហុសរបស់លោក ប៉ុន្តែលោក Sutin មិនបានបញ្ជាក់លម្អិតពីបទចោទប្រកាន់ទាំងនោះឲ្យប្រាកដនោះឡើយ។
គួរបញ្ជាក់ថាលោក Chitpong ដែលមានតួនាទីជាមន្រ្តីផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ឆិរ៉ាឡុងកន កាលពីពេលដែលព្រះអង្គនៅត្រឹមជាព្រះរាជបុត្រស្នងរាជ្យនៅឡើយនោះ ត្រូវបានបណ្តេញចេញពីមុខតំណែងកាលពីខែកុម្ភៈកន្លងទៅនេះ ហើយថែមទាំងត្រូវបានដកហូតបុណ្យសក្តិជាមន្រ្តីយោធាទៀតផង។
រដ្ឋាភិបាលថៃបានឲ្យដឹងថាបទល្មើសរបស់លោក Chitpong រួមមានការយកទំនាក់ទំនងជិតស្និទ្ធជាមួយព្រះរាជាទៅប្រើធ្វើជាឈ្នាន់ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន, ការធ្វើឲ្យបែកធ្លាយកំណត់ត្រាផ្នែកវេជ្ជសាស្រ្តរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន, ការប្រកាន់អាកប្បកិរិយាដែលព្រះមហាក្សត្រមិនអាចជឿទុកចិត្តបាន, និងបង្កការខូចខាតធ្ងន់ធ្ងរខណៈពេលកំពុងបំពេញតួនាទី។ ច្បាប់ការពារព្រះមហាក្សត្រដ៏សែនតឹងរ៉ឹងរបស់ប្រទេសថៃ បានចាត់ទុកការបរិហារកេរ្តិ៍ ការប្រមាថមើលងាយ និងការគំរាមកំហែង ព្រះរាជា ព្រះមហាក្សត្រី និងព្រះរាជទាយាទ និងមួយក៏ស្តេចរាជានុសិទ្ធ ជាបទឧក្រិដ្ឋមិនអាចលើកលែងឲ្យបាន ហើយបទល្មើសនីមួយៗប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ៕