(ប៉េកាំង)៖ អ្នកនាំពាក្យមួយរូបរបស់រដ្ឋសភាចិន បានបង្ហើបឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ថវិកាជាតិសម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនបន្ថែម ៧ភាគរយទៀតនៅក្នុងឆ្នាំនេះ លើសពីឆ្នាំ២០១៦ ដែលមានត្រឹមតែ ១៤៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈអាមេរិកកាលពីឆ្នាំ២០១៦ ដូចគ្នាមានរហូតទៅដល់ ៥៣៤ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
ការបង្កើនថវិកាជាតិសម្រាប់វិស័យការពារជាតិរបស់ចិនខាងលើនេះ កើតមានឡើងស្របពេលដែលមហាអំណាចអាមេរិក ក៏ទើបបង្ហាញគ្រោងបង្កើនដូចគ្នា។ សហរដ្ឋអាមេរិកហាក់បង្ហាញឥទ្ធិពលខ្លាំងមកលើប្រទេសចិន តាមរយៈការបង្ហាញជំហរប្រឆាំងចិនខ្លាំងជាងមុនលើបញ្ហាសមុទ្រចិនខាងត្បូង និងការបំពាក់បង្កូមឲ្យកូរ៉េខាងត្បូង និងជប៉ុនមានសមត្ថភាពទប់ទល់នឹងចិន កាន់តែខ្លាំងជាងមុនទៀត៕