(គូឡាឡាំពួ)៖ ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចេញសេចក្ដី​ប្រកាសពណ៌​ក្រហម​ហើយ ដើម្បីតាមស្វែង រកជនជាតិកូរ៉េខាងជើង០៤នាក់​ ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន​ នៅម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

យោងតាមប៉ូលិស​អាំងទែប៉ូល សេចក្ដីប្រកាសពណ៌ក្រហម មានគោលបំណងតាមរកទីតាំង ក៏ដូចជាឃាត់ខ្លួនជនសង្ស័យទំាង ០៤នាក់ខាងលើ តាមរយៈការធ្វើបត្យាប័ន និងការចាត់វិធានការតាមផ្លូវច្បាប់ជាច្រើនទៀត។ លោក គីម ជុងណំា ត្រូវបានឃាតករ​ជាស្ត្រីពីរនាក់លួចធ្វើឃាតដោយប្រើសារ ធាតុគីមីពុលVX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមប៉ូលិសម៉ាឡេស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីម្ដងទៀតថាបុរសកាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល គឺពិតជាលោកគីម ជុងណាំ ហើយដែលការអះអាងបែបនេះធ្វើឡើងផ្អែកលើ DNA កូនប្រុសរបស់លោក គីម ជុងណាំ៕