(វ៉ាស៊ីនតោន)៖ សំណើថវិកាជាតិ​ឆ្នាំ២០១៨ ដែលត្រូវបាន​ដាក់ចេញ​ដោយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​លើកឡើង​ពីការ​លុបចោលបេសកកម្ម​កែប្រែទិស​ដៅ​អាចម៍ផ្កាយ (Asteroid Redirect Mission «ARM») របស់ទីភ្នាក់ងារ​អវកាស​ណាសា (NASA) ​ដែលជា​​កិច្ចផ្តួចផ្តើម​មួយដើម្បី​កំណត់សញ្ញា និងចាប់យក​ក៏ដូចជាបង្វែរ​គោលដៅ​របស់ដុំអាចម៍​ផ្កាយ​ណាមួយ ទៅកាន់គន្លង​ដែលមាន​ស្ថិរ​ភាព​​របស់​​​ឋាន​ព្រះច័ន្ទវិញ ដើម្បីទុកឲ្យ​ក្រុមអវកាសយានិក​ធ្វើការសិក្សាស្រាវជ្រាវ​នាពេល​អនាគត និងការពារ​សុវត្ថិភាព​ផែនដី។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌​មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ​ ទី១៧ ខែមីនា ឆ្នាំ២០១៧។

«ដើម្បីជួយ​សម្រួល​ដល់ចំណាយ​លើការអភិវឌ្ឍ​ ដែលកំពុង​កើន​ឡើង​ថវិកា​ឆ្នាំ២០១៨​នឹងលុបចោល​នូវបេសកកម្ម ARM ដែលមាន​តម្លៃ​រាប់​ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក» នេះជាការ​លើកឡើង​របស់ការិយាល័យ​​គ្រប់​គ្រង​ ​និង​ថវិកា (OMB) ​នៃ​សេត​វិមាន​​អាមេរិក​នៅ​ក្នុង​​សេចក្តី​សង្ខេប​​នៃ​សំណើ​ថវិកាជាតិ ដែលនឹងឧបត្ថមដល់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នូវទឹកប្រាក់ចំនួន​ ១៩.‌១ពាន់លានដុល្លារ​​សម្រាប់​​ឆ្នាំ​២០១៨។

ជាមួយគ្នានេះដែរ​នៅក្រោម​គំរោងថវិកា​ជាតិ​របស់​លោក ដូណាល់ ត្រាំ បេសកកម្ម​ដែលត្រូវការ​ចំណាយលុយ​រាប់ពាន់លាន​ដុល្លារ​មួយ​ផ្សេង​ទៀត ដើម្បីចុះចត​យានស្រាវជ្រាវ​នៅលើ​ព្រះច័ន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍគោលការណ៍នៅ​ឡើយនោះ ក៏នឹងមិនទទួល​បានជំនួយឧបត្ថម្ភ​ពីរដ្ឋាភិបាល​ផងដែរ តែផ្ទុយទៅវិញ​បេសកកម្មក្នុង​ការហោះឆ្វែលព្រះច័ន្ទទឹកកកមួយនេះ​ជា​ច្រើន​​លើក​​ច្រើន​​សា ដែលត្រូវឲ្យ​ឈ្មោះជា​ផ្លូវការថា Europa Clipper ដោយ NASA កាលពី​សប្តាហ៍មុន​នោះ បានឆ្លងផុត​គំរោងនេះ។ ​លើស​ពីនេះ​សំណើថវិកា​របស់លោក ត្រាំ នឹងលុបចោល​នូវបេសកកម្មវិទ្យាសាស្រ្ត​ផែនដី​ចំនួនបួន ព្រមទាំងកាត់​បន្ថយការឧបត្ថម​សម្រាប់ការ​សិក្សាស្រាវជ្រាវ​វិទ្យាសាស្រ្ត​ផែនដី​ទៀតផង។

គួរបញ្ជាក់ថា​យោងតាម OMB ការផ្លាស់ប្តូរ​ទាំងនេះ​ត្រូវបានធ្វើ​ឡើងក្នុងគោលបំណង​ថែរក្សាតុល្យភាព នៃការវិយោគ​ទៅលើវិទ្យាសាស្រ្ត​​របស់​អង្គការ ​NASA ក៏ដូចជា​ភាពបត់បែនដើម្បី​ចេញបេសកកម្ម​នានា ដែលត្រូវ​បានកំណត់ថា​ មានសារៈសំខាន់ខ្លាំងជាងគេ​ដោយ​សហ​គមន៍​វិទ្យា​សាស្រ្ត។ យ៉ាងណា​មិញទោះបី​ជាលោកប្រធានាធិបតី​អាមេរិក​ បានដាក់សំណើ​គំរោងថវិកាជាតិ​ក៏ដោយ ការសម្រេចចិត្ត​ចុង​​ក្រោយ​គឺស្ថិត​នៅលើសភាមួយតំណាក់កាលទៀត៕