(សេអ៊ូល)៖ កូរ៉េខាងជើង​​ទំនងជាបានបាញ់​សាកល្បងមីស៊ីលចំនួន ០៥គ្រាប់ឯណោះ ធ្លាក់ចូលក្នុង​សមុទ្រជប៉ុន​កាលពី​ថ្ងៃទី០៦ ខែមីនា ខណៈការធ្វើតេស្ដមីស៊ីលគ្រាប់ទី០៥ក្នុងថ្ងៃតែមួយ ដែលវាហាក់ដូចជាបានទទួលបរាជ័យ​ផងដែរ សម្រាប់គ្រាប់ចុងក្រោយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA កាលពី​ថ្ងៃទី០៧ ខែមីនាកន្លងទៅ កូរ៉េខាងជើង បានបាញ់​សាកល្បង​មីស៊ីលផ្លោង​ ០៤គ្រាប់ឆ្ពោះទៅកាន់​តំបន់សមុទ្រជប៉ុន។ ក៏ប៉ុន្តែមួយ​ថ្ងៃបន្ទាប់ពី​ការប្រកាសនេះ អ្នកនាំពាក្យកងទ័ពជើងទឹក​អាមេរិក លោក Jeff Davis បានប្រាប់អ្នកសារព័ត៌មាន​ថា​ អាចមាន​គ្រាប់មីស៊ីល​លើស​ពី ០៤គ្រាប់ ដែល​កូរ៉េខាងជើង​បានបាញ់​សាកល្បង។​ ជាងនេះទៅទៀត​យោធា អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏បានអះអាង​ដូចគ្នាដែរថា ទីក្រុងព្យុងយ៉ាង​បានធ្វើតេស្ដ​សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយ​មធ្យម​ ០៤គ្រាប់ តែវាអាចមាន​គ្រាប់មីស៊ីល​គ្រាប់ទី០៥ ដែល​ត្រូវបាន KCNA លាក់បាំង។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី០៦ ខែមីនាកន្លងទៅ កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង ០៤គ្រាប់ ដើម្បីជា​ការឆ្លើយតប​ទៅនឹងការធ្វើសមយុទ្ធយោធារវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល។ គ្រាប់មីស៊ីលទាំង​ ០៤គ្រាប់នេះ​អាចជាប្រភេទ​មីស៊ីល Scud-ER ក្រោម​កំណែប្រែ​ថ្មីនៃមីស៊ីល Scud រយៈចំងាយ​មធ្យមដែល​អាចហោះបាន​ចំងាយ ១,០០០គីឡូម៉ែត្រ និងរយៈកំពស់​ ២៦០គីឡូម៉ែត្រ មុនធ្លាក់ចូល​ទៅក្នុង​សមុទ្រជប៉ុន៕