(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះបានបង្ហាញពី​សំណើស្ដីពី​កញ្ចប់ថវិកាជាតិ​ឆ្នាំ២០១៨​ ដោយ ក្នុងនោះ​រួមមាន​ទំាងការបង្កើន​កញ្ចប់ថវិកាជាតិ​លើវិស័យ​ការពារជាតិ​ជាង ៥៤ពាន់លានដុល្លារ ដែលនេះ​អាចនឹងធ្វើឱ្យ​ប៉ះពាល់ដល់​ការចំណាយ​លើកម្មវិធី បរិស្ថាន និងជំនួយ​អាមេរិកនៅ​ជុំវិញ​ពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

យោងតាមសំណើ​ខាងលើ​របស់លោក ដូណាល់ ត្រាំ ក្រសួងការពារជាតិ​អាចនឹងទទួល​បានកញ្ចប់ថវិកា រហូតដល់ ៦៣៩ពាន់លានដុល្លារ ឬកើនឡើង ១០ភាគរយ (បន្ថែមចំនួន ៥២ពាន់លានដុល្លារ​) ជាមួយនឹង ២ពាន់លានដុល្លារ​សម្រាប់កម្មវិធីការពារជាតិ ក្រៅក្រសួង​ការពារជាតិ។ បន្ថែមពីលើនេះលោក ត្រាំ ក៏បានស្នើការ​បន្ថែម​កញ្ចប់ថវិកា ៣០ពាន់លានដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ នៅក្នុងឆ្នាំ​សារពើពន្ធ​២០១៧ ព្រមទំាង១.៥ពាន់លានដុល្លារ​ក្នុងការ សាងសង់​ជញ្ជាំងព្រំដែន​ជាមួយ​ម៉ិចស៊ីកូ។

គួរបញ្ជាក់ថា​កញ្ចប់ថវិកាជាតិ​របស់លោក ដូណាល់ ត្រាំ ក៏គ្រោងនឹងជំរុញ​ឱ្យសភាអាមេរិក ទម្លាក់កញ្ចប់​ថវិកា ៣.១ពាន់លានដុល្លារ​ក្នុងរយៈពេល​២ឆ្នាំ ទុកដើម្បី​សាងសង់ជញ្ជាំង​ព្រំដែនភាគខាងត្បូង​ជាមួយម៉ិចស៊ីកូ​ផងដែរ៕