(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា​លោកស្វាគមន៍ ចំពោះតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែលចង់នាំ​បុរសខ្លាំងនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះទៅកាត់ក្តី ជុំវិញពាក្យ​ចោទប្រកាន់​ករណីសម្លាប់​មនុស្សក្រៅប្រព័ន្ធ​តុលាការ ក្នុងសង្គ្រាម​ប្រឆាំងគ្រឿងញៀន​មិនធ្លាប់មាន​នៅ​ប្រទេស​ហ្វីលីពីន និងថែមទាំងបាន​អះអាងទៀតថា​ គ្មានអ្វីអាច​គំរាមកំហែង​លោក​បានទេ ហើយយុទ្ធនា​ការនេះ​ក៏គ្មានភាពព្រៃផ្សៃ​អ្វីនោះដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នារសៀល​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​ឃាតករដែល​បានសារភាព​ដោយខ្លួន​ឯងថា បានសម្លាប់​មនុស្សក្រោម​បញ្ជារបស់​លោក ឌូតឺតេ នោះត្រូវ​បានគេរំពឹងថា​ នឹងរៀបចំ​ពាក្យបណ្តឹង​ទៅកាន់​តុលាការ ICC នៅក្នុង​ខែនេះ ឬនៅ​ខែមេសា ដោយចោទ​ប្រកាន់​ប្រធានាធិបតីហ្វីលីពីន​ខាងលើ​នេះថា បានប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ។ នេះបើតាម​មេធាវីមួយរូប បានបញ្ជាក់កាលពី​ពេលថ្មីៗ​កន្លងទៅ។ ទោះបី​ជាបែបនេះ​ក្តីលោក ឌូតឺតេ ធ្លាប់បាន​​អះអាងថា លោកកំពុងតែ​ធ្វើរឿងត្រឹមត្រូវ​​ដោយគោរព​តាមសិទ្ធិមនុស្ស ហើយក៏មិន​ដែលបញ្ជាឲ្យ​កងកម្លាំង​សន្តិសុខ​ណា ធ្វើការបាញ់សម្លាប់​ជនសង្ស័យ ដែលមិនព្រម​ប្រគល់ខ្លួន​ឲ្យសមត្ថកិច្ច​នោះដែរ។

តាមរបាយការណ៍​របស់ក្រុមអ្នកឃ្លាំ​មើលសិទ្ធិមនុស្ស​អន្តរជាតិ មនុស្សយ៉ាង​ហោចណាស់​ជាង ៨,០០០នាក់​ហើយត្រូវ​បានបាញ់សម្លាប់​នៅក្នុងសង្គ្រាម​ប្រឆាំង​គ្រឿងញៀន នៅទូទាំងប្រទេស​ហ្វីលីពីន ដែលមានរយៈ​ពេលចាប់ពី​លោក ឌូតឺតេ ឡើងកាន់​អំណាចជា​ប្រធានាធិបតី​នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៦ មកដល់​ខែមីនា ឆ្នាំ២០១៧នេះ។ ជុំវិញការ​សម្លាប់​រង្គាលនោះដែរ ប៉ូលិសហ្វីលីពីន​បានបញ្ជាក់ថា ការបាញ់សម្លាប់ខ្លះ​ត្រូវបានធ្វើឡើង​ក្នុង​ករណីមាន​ការតដៃជា​មួយសមត្ថកិច្ច ដែលមានន័យថា​ ជាចាត់វិធានការ​ដើម្បីការពារខ្លួនប៉ុណ្ណោះ៕