(ប៉េកាំង)៖ បុរសវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួន នៅពេលកំពុងព្យាយាមរត់ពន្ធដោយលាក់ពេជ្រច្រើនជាង ១,០០០គ្រាប់នៅក្នុងស្បែកជើងពីទីក្រុង Hong Kong ចូលទៅក្នុងទីក្រុង Shenzhen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីគយក្នុងទីក្រុង Shenzhen នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានរកឃើញគ្រាប់ពេជ្រទម្ងន់ ២១២.៩ក្រាតនៅលើខ្លួនបុរសម្នាក់ ខណៈរូបគេព្យាយាមឆ្លងកាត់កំពង់ផែ Luohu ដែលភ្ជាប់ជាមួយទីក្រុង Hong Kong កាលពីថ្ងៃទី១៣ ខែមីនា។ ក្រុមមន្ត្រីទំាងនេះ បានបញ្ជាក់ដូច្នេះថា «បុរសជាជនសង្ស័យហាក់ដូចជាភ័យខ្លាច នៅពេលយើងសម្លឹងទៅរកគាត់ ហើយរូបគាត់បានដើរយ៉ាងលឿនក្រោមឥរិយាបថធម្មតា។ ក៏ប៉ុន្តែក្រោយមកយើងបានសុំឱ្យគាត់ដោះស្បែក ហើយក្នុងពេលនោះដែរយើងបានរកឃើញកូនថង់តូចៗ ច្រកពេជ្រជាច្រើនគា្រប់ រីឯបច្ចុប្បន្នបុរសម្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។
គួរបញ្ជាក់ថាបើតាមមន្ត្រីគយនៃកំពង់ផែ Luohu បានរកឃើញពេជ្រជាច្រើនគ្រាប់ដែលជនល្មើសលាក់ទុកនៅក្នុងស្រោមជើង ឬប្រអប់ដាក់ចំណីអាហារ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ សម្រាប់ការរត់ពន្ធដោយលាក់ពេជ្រ ១,៥៥៤គ្រាប់ គិតជាទម្ងន់ ១៦៤ក្រាតនៅក្នុងប្រអប់ដាក់អាហារ៕