(អ៊ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា លោកបានប្រាប់​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាកងកម្លាំងអ៊ីស្រាអែល នឹងបន្តការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសស៊ីរី បើសិនជាពួកគេយល់ថាជាការចាំបាច់  ហើយមិនតែប៉ុណ្ណោះ លោកក៏បានច្រានចោលផងដែរចំពោះព័ត៌មានដែលថា ទីក្រុងម៉ូស្គូ បានទទូចឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅលើទឹកដីស៊ីរី។ នេះបើតាមការចញ ផ្សាយដោយសារព័ត៌មាន Russian Today​ នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅអំឡុង​ពេលបំពេញ​ដំណើរ​ទស្សនកិច្ច ទៅកាន់ទីក្រុង​ប៉េកាំង លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់យ៉ាងខ្លីថា «បើសិនជាចាំបាច់យើងនឹង​បើកការវាយប្រហារ​តាមផ្លូវអាកាស ហើយយើង​នឹងបន្តធ្វើវា»។ ការអះអាងបែបនេះ​របស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ បាននិយាយ​កាលពី​ថ្ងៃចន្ទថា រុស្ស៊ីពិតជា​មានតួនាទី​យ៉ាងសំខាន់​ក្នុងការទប់ស្កាត់​កុំឱ្យ​អ៊ីស្រាអែល ធ្វើប្រតិបត្តិការ​យោធានៅ​លើទឹកដី​ស៊ីរី ក៏ដូចជា​បញ្ជៀសជម្លោះ​រវាងទីក្រុងដាម៉ាស់ និងទីក្រុង​តែលអាវីវ។ ជាងនេះ​ទៅទៀត​ដោយសារតែ ប្រតិបតិ្តការ​យោធានេះ​ដែរ ក្រសួងការបរទេស​រុស្ស៊ីបានកោះហៅ​អគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំទី​ក្រុងម៉ូស្គូ ឱ្យមកបំភ្លឺ​ពាក់ព័ន្ធនឹង​ការវាយប្រហារ​តាមផ្លូវអាកាស​លើតំបន់ក្បែរ​ទីក្រុង Palmyra ។

គួរបញ្ជាក់ថា​បើតាមយោធា​អ៊ីស្រាអែល ការវាយប្រហារ​តាមផ្លូវអាកាស​លើតំបន់ក្បែរ​ទីក្រុង Palmyra ប្រទេសស៊ីរី​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន គឺមាន​គោលបំណង​បំផ្លាញក្បួន​រថយន្ដដឹកជញ្ជូន​អាវុធ នៃក្រុមឧទ្ទាម​ហេសប៊ូលឡា ដែលជាសត្រូវធំបំផុតរបស់អ៊ីស្រាអែល។ ក៏ប៉ុន្តែជាការឆ្លើយតបកងទ័ព ស៊ីរីបាន​បាញ់ទម្លាក់​យន្ដហោះចម្បាំង​អ៊ីស្រាអែល​មួយគ្រឿង តែទីក្រុងតែលអាវីវ​បានបដិសេធ។ ចំពោះក្រុមឧទ្ទាមហេសប៊ូលឡា​ គឺមានទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយរបបដឹកនាំ​ស៊ីរី និងអ៊ីរ៉ង់៕