(ពិភពលោក)៖ ភ្នាក់ងារ​ប៉ូលីសសម្ងាត់​អន្តរជាតិធំៗ​សុទ្ធតែអះអាង​ថា បុព្វជិត Fethullah Gulen មិនមែនជា​អ្នកនៅពីក្រោយ​រដ្ឋប្រហារ​នៅប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដូចដែលលោក​ប្រធានាធិបតី Tayyip Erdogan និងរដ្ឋាភិបាល​របស់លោកបានធ្វើការចោទប្រកាន់ទៅលើ អ្នកប្រាជ្ញខាងសាសនាដែលកំពុងរស់នៅនិរទេសក្នុង​សហរដ្ឋអាមេរិករូបនេះ ដែលបានបង្កឲ្យមនុស្សស្លាប់ ២៤០នាក់នោះឡើយ។

យ៉ាងណាមិញ​ទន្ទឹមនឹង​ការចោទប្រកាន់នេះ​លោក Fethullah Gulen ដែលជាអ្នក​ត្រូវបាន​លោកប្រធានាធិបតី និងរដ្ឋាភិបាលតួកគី​ចោទប្រកាន់​បានធ្វើការចេញ​មុខបដិសេធ បានផ្ញើសារទៅកាន់លោកប្រធានាធិបតី និងរដ្ឋាភិបាលតួកគីថា «ប្រសិនណាបើ​ភ្នាក់ងារស៊ើបអង្កេត​ទាំងអស់រកឃើញ​ភស្តុតាង​ដែលថា​ រូបលោកជាប់​ទាក់ទងនឹង​រដ្ឋប្រហារ​មួយនេះ នោះលោកនឹង​ប្រគល់ខ្លួន​ទៅឲ្យរដ្ឋាភិបាល​ធ្វើការកាត់ទោស​តាមផ្លូវច្បាប់​ភ្លាម ស្របពេល​ដែលលោក Erdogan ដែលជា​អ្នកដឹកនាំ​ប្រទេសតួកគី​បានធ្វើការស្នើ​សុំទៅកាន់​សហរដ្ឋអាមេរិក ឲ្យប្រគល់​ខ្លួនរបស់​លោក Gulen ជាបន្ទាន់ជាច្រើនលើកមកហើយ»

បន្ទាប់ពីមាន​ការចោទប្រកាន់​ទៅលើលោក Fethullah Gulen រួចមក លោក​ប្រធានាធិបតី​របស់ប្រទេស​តួកគីបាន​ធ្វើការកម្ចាត់​ចោល​នូវមនុស្សចំនួនជាង ១៣,៥០០នាក់មកពីជួរកងកម្លាំង​ទាហាន តុលាការ និងមន្រ្តី​របស់រដ្ឋ​ជាច្រើនដែល​មានទំនោរ​ចូលចិត្តចលនា​របស់​លោក Gulen ត្រូវបានបញ្ឈប់​ពី​ការងារភ្លាមៗ មួយថ្ងៃបន្ទាប់​ពីមាន​រដ្ឋប្រហារ។ ចាប់តាំងពី​ពេលនោះ​មក​ការស៊ើបអង្កេត​អំពី​ឬស​គល់​ នៃការធ្វើ​រដ្ឋប្រហារនោះ​ក៏បានកើតឡើង​ជាបន្ត​បន្ទាប់ ក៏ប៉ុន្តែអ្វី​ដែលធ្វើឲ្យ​មនុស្សទូទាំង​សកលលោកមានការ​ចាប់អារម្មណ៍​នោះ​ គឺត្រឹមជា​អ្នកប្រាជ្ញខាង​សាសនាមួយ​រូបតើលោក Fethullah Gulen អាចមាន​សមត្ថភាពធ្វើ​រដ្ឋប្រហារយ៉ាង​ដូចម្តេច?

ឆ្លងតាម​រយៈការស៊ើប​អង្កេតនានា ទាំងភ្នាក់ងារ​ស៊ើបអង្កេត​របស់រដ្ឋាភិបាល​តួកគី និងភ្នាក់ងារ​ស៊ើបអង្កេត​សម្ងាត់របស់​អន្តរជាតិធំៗ​ដែលមាន​ដូចជា គណៈកម្មការ​ភ្នាក់ងារស៊ើប​អង្កេតសម្ងាត់​របស់​សហរដ្ឋអាមេរិក ( US Congress House Intelligence Committee), ភ្នាក់ងារស៊ើប​អង្កេតសម្ងាត់​របស់ប្រទេស​អាល្លឺម៉ង់ (BND) និងរបាយការណ៍​របស់​អង្គការ NATO សុទ្ធតែរក​មិនឃើញពី​ភស្តុតាង​ណាមួយ​ដែលអាចចោទ​ប្រកាន់ថា​ អ្នកប្រាជ្ញ​ខាង​សាសនា Fethullah Gulen ជាប់ពាក់ព័ន្ធ​នឹងរដ្ឋប្រហារ​ក្នុងប្រទេស​តួកគី​បានឡើយ។

ទោះបីជា​មិនអាចរកឃើញ​ភស្តុតាងឲ្យ​បានច្បាស់ក្នុង​ការចាប់​ខ្លួនលោក Fethullah Gulen យ៉ាងណាក្តី ក៏រដ្ឋាភិបាល​ប្រទេសតួកគី​ដែលដឹកនាំ​ដោយ​ លោកប្រធានាធិបតី Tayyip Erdogan នៅតែ​ព្យាយាម​ដាក់សំណើ​ទៅកាន់​សហរដ្ឋអាមេរិក​ ឲ្យប្រគល់​ខ្លួនអ្នកប្រាជ្ញរូបនេះដដែល។ នេះបើយោង​តាមសម្តី​របស់លោក Bruno Kahl ប្រធានភ្នាក់ងារស៊ើប​អង្កេតសម្ងាត់ BND ដែលបាន​និយាយនៅ​ក្នុងការសម្ភាសន៍​ជាមួយទស្សនាវដ្តី Der Spiegel ដែលបានចុះ​ផ្សាយកាលពី​ថ្ងៃសោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។ លោក Kahl បានបន្តថា​ក្រុមភ្នាក់ងារ​សម្ងាត់​របស់យើង​ បានខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាពហើយ ក្នុងការស្វែងរក​ភស្តុតាង​ដើម្បីចាប់ខ្លួន​លោក Gulen ក៏ប៉ុន្តែពួក​យើងរកមិនឃើញថា​ គាត់បាន​ជាប់ទាក់ទង​ជាមួយរដ្ឋប្រហារ​មួយនេះទាល់​តែសោះ។

គួរបញ្ជាក់ថារដ្ឋាភិបាល​របស់ប្រទេស​តួកគី​ នៅតែបន្ត​ស្វែងរកភស្តុតាង​ដើម្បីជា​សំអាងក្នុងការ​ចោទប្រកាន់​ទៅលើលោក Fethullah Gulen ដដែល ចំណែកឯ​មនុស្ស​ចំនួន ១៣,៥០០នាក់ ដែលភាគច្រើន​ជាមន្រ្តីរដ្ឋ​នៅតែត្រូវបាន​បញ្ឈប់ពីការងារ និងចោទប្រកាន់​យ៉ាង​អយុត្តិធម៌ ស្របពេល​ដែលទីភ្នាក់ងារ​សម្ងាត់ធំៗជាច្រើន​បានធ្វើការអះអាង​ថា​ លោក Fethullah Gulen មិនមែនជា​អ្នកនៅពីក្រោយខ្នង​នៃរដ្ឋប្រហារ​មួយនេះ៕