(ណៃពិដោ)៖ នាពេលថ្មីៗនេះប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធពិធី ដង្ហែរក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដែលមានការបង្ហាញសព្វាវុធទំនើបៗជាច្រើនប្រភេទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែមីនា យោធាមីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់ថា Tatmadaw បានធ្វើការបង្អួត និងបង្ហាញនូវកិត្យានុភាពរបស់ខ្លួននៅអំឡុងពិធីអបអរសាទរកងទ័ពមានឈ្មោះថា Armed Forces Day។ យ៉ាងណាមិញថ្ងៃដ៏វិសេសមួយនេះដែលមានឈ្មោះដើមថា «ទិវានៃអ្នកតស៊ូ (Resistance Day)» រំលឹកដល់ការចាប់ផ្តើមដំបូងនៃការខិតខំតស៊ូឥតរួញរារបស់កងទ័ពមីយ៉ាន់ម៉ា ប្រឆាំងនឹងការគ្រប់គ្រងរបស់ប្រទេសជប៉ុនកាលពីឆ្នាំ១៩៤៥។ ចំណែកឯឆ្នាំនេះដែលត្រូវជាឆ្នាំទី៧២ នៃពីធីគម្រប់ខួបដ៏ឱឡារឹកនេះវិញ ក៏ពុំបានធ្វើឲ្យខកបំណងផងដែរ ដោយកម្លាំងយោធាគ្រប់កងអង្គភាពបានរួមគ្នា ដើម្បីបង្ហាញពីអានុភាពនៃវិស័យយោធារបស់ប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថាពិធីដង្ហែរក្បួនព្យុហយាត្រាខាងលើនេះ បានប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីណៃពិដោ ក្រោមអធិបតីភាពអគ្គមេបញ្ជាការនៃកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Augn Hlaing។ ជាមួយគ្នានេះដែរនាឱកាសមានការដើរក្បួនកងទ័ព រួមទាំងការបង្ហាញសព្វាវុធទំនើបៗជាច្រើនដូចជា រថក្រោះ និងប្រព័ន្ធបាញ់មីស៊ីល៕