(ហាណូយ)៖ ទីបំផុតប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានសម្រេច​អញ្ចើញនាយករដ្ឋមន្រ្តីវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯសហរដ្ឋអាមេរិក។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច​នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅលើគេហទំព័រ​ផ្លូវការ​របស់រដ្ឋាភិបាលនៃប្រទេសវៀតណាម ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិកលោក H.R. McMaster បាននាំយក​លិខិតអញ្ចើញមួយ​ច្បាប់ពីលោក ដូណាល់ ត្រាំ ទៅឲ្យឧបនាយករដ្ឋមន្រ្តី​វៀតណាមលោក Pham Binh Minh ដែល​ខណៈ​ពេល​​នេះ​កំពុង​តែបំពេញទស្សនកិច្ច​នៅឯសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសវៀតណាម​បានបង្កើនចំណងទាក់ទង​យ៉ាងល្អជាមួយ​សហរដ្ឋអាមេរិក កាលពីអំឡុង​រដ្ឋបាលដឹកនាំ​របស់អតីតប្រធានា​ធិបតី​អាមេរិកលោក បារ៉ាក់ អូបាម៉ា ហើយរដ្ឋាភិបាល​នៃប្រទេសទាំងពីរ បានបង្ហាញពី​បំណងប្រាថ្នារៀងៗ​ខ្លួន ក្នុងការលើកស្ទួយ​ទំនាក់ទំនង​​ក៏ដូចជាពង្រឹងចំណងមិត្តភាព​របស់ពួកគេ ចាប់តាំងតែពី​ការទទួលជ័យជម្នះ​របស់លោក ត្រាំ នៅក្នុងការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​​អាមេរិក ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦មកម៉្លេះ។

គួរជំរាបទៀតថា កាលពី​ខែមីនាកន្លង​ទៅនេះ នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc ក៏ធ្លាប់បានអះអាង​ដែរថា រូបលោកបាន​​ត្រៀមខ្លួនជា​ស្រេច ក្នុងការទៅបំពេញ​ទស្សនកិច្ចនៅ​ឯសហរដ្ឋអាមេរិក ដើម្បីធ្វើការ​លើកកម្ពស់ចំណង​ទាក់ទងរវាង​ប្រទេស​ទាំងពីរ។ រីឯ​លោក ដូណាល់ ត្រាំ វិញនឹងអញ្ចើញ​មកចូលរួមកិច្ច​ប្រជុំកំពូលស្តីពី​កិច្ចសហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក នៅប្រទេស​វៀតណាម នាខែវិច្ឆិកាខាងមុខនេះ៕