(វ៉ាស៊ីនតោន)៖ យោធាជើងអាកាស​អាមេរិក គ្រោងធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល​ផ្លោងអន្តរទ្វីប​ប្រភេទ Minuteman III ចេញពីមូលទ័ព​នៅរដ្ឋកាលីហ្វរញ៉ា​នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅ​សហរដ្ឋអាមេរិក) ចំពេលដែលភាពតានតឹង​ក្នុងឧបទ្វីបកូរ៉េកំពុងបន្ត​កើនឡើងកម្តៅ ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នារសៀល​ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

យោងតាម​អ្នកនាំ​ពាក្យ​ទីបញ្ជាការទ័ពជើង​អាកាស​​របស់សហរដ្ឋអាមេរិក មីស៊ីលផ្លោង​ខាងលើនេះ នឹងត្រូវបាញ់​ចេញពីមូលដ្ឋាន​ទ័ពអាកាស Vandenberg Air Force ក៏ប៉ុន្តែអ្នកនាំ​ពាក្យរូបនេះ​បានអះអាងថា វាពុំមានជាប់​ពាក់ព័ន្ធអ្វី​ជាមួយនឹង ភាពតឹងតែង​ដែលកំពុងកើនឡើង​នៅ​ក្នុង​តំបន់ឧបទ្វីប​កូរ៉េនោះឡើយ ដោយហេតុ​តែការធ្វើ​តេស្តនេះ ត្រូវបានគ្រោង​រៀបចំតាំងពីមួយឆ្នាំ​មុនមកម្ល៉េះ។

មេទ័ពអាមេរិកម្នាក់​បានលើកឡើង​យ៉ាងដូច្នេះថា «ការបាញ់បង្ហោះ​មីស៊ីលប្រភេទ Minuteman ទាំងនេះ មានសារៈសំខាន់​ខ្លាំងណាស់ ក្នុង​បញ្ជាក់​អះអាង​អំពីស្ថានភាពនៃ​កម្លាំង​អាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែង​អំពីសមត្ថភាពក៏​ដូចជា​អានុភាព នៃអាវុធនុយក្លេអ៊ែរ​របស់សហរដ្ឋ​អាមេរិក ហើយវាក៏ជាសញ្ញាមួយ ប្រាប់ទៅដល់​សត្រូវរបស់​យើងនានាផងដែរ»​។

គួរបញ្ជាក់ថា សហគមន៍​អន្តរជាតិ​នាពេលកន្លងមក​បានថ្កោលទោស​ជាដដែលៗ ចំពោះសកម្មភាព​បង្កហេតុជាច្រើនលើក​ និងច្រើនសាររបស់​​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង ហើយថ្មីៗនេះ​សហរដ្ឋអាមេរិក ថែមទាំងបាន​សម្រេចបញ្ជូន​ក្រុមនាវាចម្បាំង​ រួមមានទាំង​នាវាផ្ទុកយន្តហោះ​ចម្បាំង​ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ និងនាវាមុជទឹក​បំពាក់គ្រាប់មីស៊ីល​ប្រដេញ ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ​ទៀតផង។

ម៉្យាងវិញទៀតបន្ទាប់​ពីមាន​សេចក្តីរាយការណ៍​ថា ទីក្រុងវ៉ាស៊ីនតោន​អាចនឹងបើកការ​វាយប្រហារយោធា ប្រឆាំងនឹង​ទីក្រុងព្យុងយ៉ាង បើសិនណា​ជាកូរ៉េខាងជើងហ៊ាន​​បន្ត​ធ្វើតេស្តអាវុធនុយក្លេអ៊ែរ​ទៀតនោះ រដ្ឋកុម្មុយនិស្តមួយនេះ​បានព្រមានធ្ងន់ៗ​ដោយមិនចុះញ៉ម​ថា ពួកគេបានត្រៀម​លក្ខណៈរួចជា​ស្រេច ដើម្បី​ឆ្លើយតប​ទៅនឹងសកម្មភាព​របស់អាមេរិក៕