(ម៉ូស្គូ)៖ ព័ត៌មានចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីប្រភេទ MiG-31 បានធ្លាក់នៅតំបន់ Buryatia ភាគខាងត្បូងប្រទេសជាប់ព្រំដែនម៉ុងហ្គោលី​ នៅថ្ងៃពុធនេះតែម្តង​ប៉ុន្តែសំណាងល្អអាកាសយានិកពីររូបនៅលើនោះ បានចុចឆ័ត្រយោងផ្លោះ​ចេញពីយន្តហោះ​ទាន់ពេលវេលា។ នេះបើតាមការចេញ​ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

ការធ្លាក់នៅតំបន់ក្បែរមូលដ្ឋានយោធារុស្ស៊ីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២៖០៥នាទីថ្ងៃត្រង់ ម៉ោងនៅទីក្រុងម៉ូស្គូ ខណៈមូលហេតុ​នៃការធ្លាក់មិនទាន់​មានការបញ្ជាក់​នោះឡើយ។ ក្រសួងការពារជាតិ​រុស្ស៊ីបានលើក​ឡើងថា យន្តហោះចម្បាំង MiG-31 នេះបានចូលរួម​សមយុទ្ធនៅក្នុង​តំបន់ភាគខាងត្បូង​ប្រទេសនៅថ្ងៃពុធនេះ ហើយក៏បាន​ធ្លាក់ ប៉ុន្តែសំណាងល្អវា​ធ្លាក់ចំតំបន់គ្មាន​មនុស្សរស់នៅ ហើយពីឡុតទាំងពីរ​ក៏មានសុវត្ថិភាព​ដែរ៕