(ប៉េកាំង)៖ ទីបំផុតរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខសាជាថ្មីម្តងទៀត ដើម្បីបង្ហាញក្តីព្រួយបារម្ភយ៉ាងក្រៃលែងរបស់ខ្លួន ដល់សហរដ្ឋ​អា​មេរិក និងកូរ៉េខាងត្បូង ជុំវិញការដាក់តំឡើងប្រព័ន្ធខែលការពារមីស៊ីលផ្លោងកម្រិតខ្ពស់ THAAD របស់សហរដ្ឋអាមេរិក នៅលើទឹកដីកូរ៉េខាង​ត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើង​បាន​បង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ទៅកាន់ភាគីអាមេរិក និងកូរ៉េខាងត្បូងរួចរាល់ហើយ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងនៅតែតាម ដានស្ថានការណ៍បន្តទៀត»។ ការលើកឡើងបែបនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីយោធាអាមេរិក បានចាប់ផ្តើមចល័ត​បរិក្ខាក៏ដូចជាផ្នែក នៃប្រព័ន្ធ THAAD ទៅកាន់ទីតាំងដាក់តំឡើងរបស់វា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមីនាកន្លងទៅ បរិក្ខារចម្រុះរបស់ប្រព័ន្ធខែលការពារមីស៊ីល THAAD ត្រូវបានបញ្ជូនទៅដល់ កូរ៉េខាងត្បូង ស្រប​ពេលដែលទីក្រុងសេអ៊ូលចង់ឲ្យវាត្រូវបានដាក់តំឡើង និងពង្រាយឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីជាការឆ្លើយតបចំពោះ ការគំរាម​កំហែងនៃការធ្វើតេស្តមីស៊ីលផ្លោង របស់កូរ៉េខាងជើង៕