(ប៉ារីស)៖ ខណៈពេលការបោះឆ្នោតជ្រើសរើសមេដឹកនាំបារាំង កាន់តែខិតជិតចូលមកដល់មែនទែនហើយនោះ ក្រុមយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃបេក្ខភាពរបស់ប្រធានាធិបតីកំពុងនាំមុខប្រជាប្រិយភាពលោក Emmanuel Macron នោះ បានឲ្យបង្ហើបឲ្យដឹងថា ខ្លួនបានក្លាយជាគោលដៅនៃការវាយលុក ដោយប្រព័ន្ធកុំព្យូទ័រទ្រង់ទ្រាយធំមួយ ដែលបានធ្វើឲ្យលេចធ្លាយសារអ៊ីម៉ែលជាច្រើនរបស់យុទ្ធនាការ ទៅលើបណ្តាញអ៊ីនធឺណែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
ទិន្នន័យអ៊ីម៉ែលទំហំប្រមាណ ០៩ជីហ្គាបៃ (GB) ត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់ម្នាក់មានឈ្មោះថា EMLEAKS ទៅកាន់គេហទំព័រ Pastebin ដែលអនុញ្ញាតឲ្យមានការផ្សព្វផ្សាយដំណឹងផ្សេងៗ ដោយអនាមិក។ យ៉ាងណាមិញ ភ្លាមៗនេះគេនៅពុំទាន់បានដឹងច្បាស់នៅឡើយទេថា តើនរណាគឺជាអ្នកនៅពីក្រោយខ្នងនៃការបង្ហោះនេះ ឬមួយក៏ទិន្នន័យទាំងនោះជារបស់ពិតដែរ ឬយ៉ាងណានោះ។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោត (Onwards) របស់លោក Macron បានបញ្ជាក់អះអាងថា ខ្លួនត្រូវបានគេ Hack ហើយ។ ជុំវិញបញ្ហានេះដែរគណកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង បានឲ្យដឹងថា ខ្លួននឹងបើកកិច្ចប្រជុំមួយនាល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងប្រទេសបារាំង) បន្ទាប់ពីក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Macron បានផ្តល់ដំណឹងជូនគណកម្មការអំពីការ Hack និងការចែកផ្សព្វផ្សាយទិន្នន័យអ៊ីម៉ែលនោះ។
គួរបញ្ជាក់ថា យោងតាមការស្ទាបស្ទង់មតិជាច្រើននាពេលកន្លងមក លោក Emmanuel Macron ត្រូវបានគេរំពឹងថា នឹងផ្តួលគួរប្រកួតគឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជុំទីពីរ ជាជុំបញ្ចប់នាថ្ងៃអាទិត្យខាងមុខ ដែលជាថ្ងៃកាត់សេចក្តី ហើយការស្ទង់ចុងមតិចុងក្រោយបំផុត បានបង្ហាញឲ្យឃើញថា លោក Macron បានយកឈ្នះលោកស្រី Le Pen ជាមួយសំឡេងគាំទ្រច្រើនរហូតដល់ ៦២ភាគរយ៕