(បាងកក)៖ ប្រទេសថៃ និងចិន ទីបំផុតបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការប្រគល់នាវាមុជទឹកទីមួយ នៅក្នុងចំណោមនាវាមុជទឹកសរុបទាំងបីគ្រឿង ដែលកងទ័ពជើងទឹកថៃ បានបញ្ជាទិញពីទីក្រុងប៉េកាំង នៅក្នុងកិច្ចសន្យា១១ឆ្នាំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាស៊ានមួយនេះ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ក្រុមមន្រ្តីតំណាងរបស់យោធាជើងទឹកថៃ និងក្រុមហ៊ុនផលិតនាវា CSOC របស់រដ្ឋាភិបាលចិន បានធ្វើការចុះហត្ថលេខាទៅលើឯកសារទាំងនេះ នៅឯទីក្រុងប៉េកាំង ហើយភាគីចិនមិនបានកែប្រែទៅលើកិច្ចសន្យានេះឡើយ បន្ទាប់ពីវាត្រូវបានសម្របសម្រួលបន្តិចបន្តួច ដោយអគ្គព្រះរាជអាជ្ញារបស់រដ្ឋាភិបាលយោធាថៃ។
នៅក្រោមកិច្ចសន្យាខាងលើនេះ ប្រទេសថៃនឹងទិញនាវាមុជទឹកប្រភេទ Yuan Class S26T ចំនួនបីគ្រឿង ក្នុងតម្លៃសរុបប្រមាណ ៦១ពាន់លានបាត (១ពាន់លានដុល្លារ) ដោយថវិកាចំនួន ៧០០លានបាត (២០.២លានដុល្លារ) នឹងត្រូវបានបង់នៅក្នុងរយៈពេល៤៥ថ្ងៃហើយនាវាមុជទឹកមួយគ្រឿងដំបូងត្រូវបានរំពឹងថា នឹងធ្វើការប្រគល់ជូនកងទ័ពជើងទឹកថៃ នៅក្នុងរយៈពេល០៦ឆ្នាំ។ លើសពីនេះទៀត ភាគីចិនក៏បានយល់ព្រមផ្តល់ជូនមីស៊ីល CM-708 ដែលមានសមត្ថភាពបាញ់ចេញពីនាវាមុជទឹកនៅក្នុងរយៈចម្ងាយ ២៩០គីឡូម៉ែត្រ ដោយឥតគិតថ្លៃថែមទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា គណៈរដ្ឋមន្រ្តីថៃគ្រប់គ្រងដោយយោធា បានបើកកិច្ចប្រជុំដើម្បីអនុម័តជាសម្ងាត់ ទៅលើការសម្រេចចិត្តក្នុងការទិញនាវាមុជទឹកតម្លៃ ១៣.៥ពាន់លានបាត (៣៩០លានដុល្លារ) មួយគ្រឿងពីចិន និងពីរគ្រឿងបន្ថែមទៀតនៅក្នុងរយពេល១១ឆ្នាំខាងមុខ៕