(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំឱ្យមានការប្រគល់ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការដឹកនាំគំរោងលួចធ្វើឃាតមេដឹក នាំលោកគីម ជុងអ៊ុន ដោយប្រើអាវុធគីមី ដែលកូរ៉េខាងជើងចោទត្រង់ៗថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA និងកូរ៉េខាងត្បូងគឺជាអ្នក បញ្ជានៅពីក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
កាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចោទប្រកាន់ថា ទីភ្នាក់ងារ CIA និងកូរ៉េខាងត្បូង បាននិងកំពុងដឹកនាំគំរោងលួចធ្វើ ឃាតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយប្រើសារធាតុគីមីពុល។ ដោយឡែក ថ្លែងប្រាប់ក្រុមមន្ត្រីទូត និងអ្នកសារព័ត៌មានក្នុងទីក្រុង ព្យុងយ៉ាង អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol នៅតែរក្សាជំហរចោទប្រកាន់នេះដដែល។ លោក Han បានលើកឡើង ដូច្នេះថា៖«ការិយាល័យរដ្ឋអាជ្ញាមជ្ឈិម នឹងស្នើសុំឱ្យមានការប្រគល់ឧក្រិដ្ឋជន ដើម្បីយកមកកាត់ទោសតាមច្បាប់កូរ៉េខាងជើង»។
សូមបញ្ជាក់ថា លោក Han Song Ryol មិនបានបញ្ជាក់លម្អិត ថាតើទីក្រុងព្យុងយ៉ាង កំពុងស្វែងរកជនសង្ស័យប៉ុន្មានម្នាក់ ឬក៏ជានរណា និង មកពីណានោះទេ ដោយគ្រាន់តែអះអាងថាខ្លួននឹងតាមប្រមាញ់ជនសង្ស័យទាំងនេះ នៅគ្រប់ជ្រុងទាំងអស់នៃពិភពលោក៕