(វ៉ាស៊ីតោន)៖ លោក Michael Flynn និងក្រុមប្រឹក្សាផ្សេងទៀតជាច្រើនរូប ទទួលបន្ទុកកិច្ចការយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើទំនាក់ទំនងដោយសម្ងាត់តាមរយៈការហៅទូរស័ព្ទ និងផ្ញើសារអេឡិចត្រូនិចទៅកាន់មន្ត្រីរុស្សី យ៉ាងហោចណាស់១៨ដង ក្នុងរយៈពេល៧ខែ កាលពីឆ្នាំ២០១៦កន្លងទៅនេះ ក្នុងអំឡុងនៃការប្រកួតប្រជែងបោះឆ្នោត នេះបើយោងតាមការលើកឡើងរបស់មន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីដែល មានទំនាក់ទំនងជិតស្និទនឹងបញ្ហានេះ ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីកំពុងកាន់អំណាច និងអតីតមន្ត្រីអាមេរិកបីរូបបានឱ្យដឹងថា លោក Sergei Kislyak អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិកក៏ធ្លាប់បានធ្វើទំនាក់ទំនងជាមួយ លោក Flynn ទីប្រឹក្សាលោក Donald Trump តាមរយៈការហៅទូរស័ព្ទរហូតដល់៦ដងផងដែរ។
សូមជំរាបថា អនុប្រធានាធិបតីអាមេរិកលោក Mike Pence និងមន្ត្រីផ្សេងទៀត បានបដិសេធទៅលើព័ត៌មានកាលពីខែមករាកន្លងទៅនេះថា មន្ត្រីទទួល បន្ទុកឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានធ្វើទំនាក់ទំនងជាមួយមន្ត្រីរុស្ស៊ី។ ប៉ុន្តែក្រោយមកសេតវិមានបានបញ្ជាក់ថា លោក Kislyak របស់រុស្ស៊ី ពិតជាធ្លាប់បានជួបជាមួយលោក Jeff ដែលក្រោយមកបានក្លាយជាអគ្គមេធាវីអាមេរិក ចំនួនពីរដងពិតមែន។
ការហៅទូរស័ព្ទ និងការបញ្ជូនសារអេឡិចត្រូនិចចំនួន១៨ដង បានធ្វើឡើងនៅរវាងខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានគេចោទថា រដ្ឋាភិបាលគ្រីមឡាំង មានឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោត ដែលធ្វើឱ្យជ័យជម្នះបានទៅលើលោក Donald Trump។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងដោយសម្ងាត់នេះ ត្រូវបានថតរក្សាទុក និងត្រួតពិនិត្យឡើងវិញ ដោយភ្នាក់ងារ FBI និងក្រុមអ្នកស៊ើបអង្កេតប្រចាំសភា ដើម្បីស្រាវជ្រាវទៅលើ ករណីការលូកដៃរបស់រុស្ស៊ីក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក៕